ចាប់ខ្លួនជនសង្ស័យម្នាក់ ករណីឃាតកម្មគិតទុកជាមុន ដោយសាររឿងជេរម៉ែ

ព្រះសីហនុ៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន កាលពីល្ងាច ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ រឿងគំនុំជេរម៉ែ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ថៃ រ៉េត ហៅគុន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករ ស្នាក់ភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជាប់ចោទពីបទឃាតកម្មគិតទុកជាមុន។
លោកបានបន្តថា ករណីឃាតកម្មនេះ បានប្រព្រឹត្តឡើង កាលពីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ នៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ទៅលើជនរងគ្រោះឈ្មោះទូច ចក់ អាយុ៣១ឆ្នាំ មុខរបរកម្មករដូចគ្នា។
ជនសង្ស័យបានសារភាពថា ដោយសារខ្លួនខឹងជនរងគ្រោះជេរម៉ែជាយូមកហើយ រហូតនៅថ្ងៃទី១៥ សីហា ទើបខ្លួនបានផឹកស៊ីជាមួយជនរងគ្រោះ បន្ទាប់មកបានដើរតាមពីក្រោយជនរងគ្រោះ យកដៃគ្រៀកកជនរងគ្រោះពីក្រោយជាប់ ហើយយកខ្សែក្រវ៉ាត់រឹតកជនរងគ្រោះរហូតដល់ស្លាប់តែម្ដង។
បច្ចុប្បន្នសង្ស័យ ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។