រដ្ឋបាលខេត្តសៀមរាប អំណរគុណដល់ក្រុមការងារ រៀបចំកម្មវិធី “សម្រាកសៀមរាប” ដែលបញ្ចប់ដោយរលូន

ខេត្តសៀមរាប៖ កម្មវិធីសម្រាកសៀមរាប ដែលបានរៀបចំចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ក្រោមការផ្ដួចផ្ដើមរបស់រដ្ឋបាលខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជា និងការចូលរួមរបស់កាកបាទក្រហមកម្ពុជា និងអាជ្ញាធរអប្សរា បានបញ្ចប់ទៅតាមផែនការគ្រោងទុក នឹងទទួលបានការគាំទ្រពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមទស្សនាយ៉ាងច្រើនកុះកររហូតដល់ជាង ២០ម៉ឺននាក់។

ជាមួយនឹងសមិទ្ធផលនេះ យើងមិនភ្លេចនូវការខិតខំប្រឹងប្រែង មន្ត្រីរាជការ កងកម្លាំងប្រដាប់ សហគ្រិនវ័យក្មេងប្រចាំខេត្តសៀមរាប សមាគមចុងភៅ សិល្បករសិល្បការិនីពិសេសគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានខិតខំអស់កម្លាំងកាយចិត្តចូលរួម ធ្វើឲ្យកម្មវិធីបានប្រព្រឹត្តទៅដោយរលូន និងទទួលបានការគាំទ្រ។
ពិតណាស់កម្មវិធីនេះ ក៏បានអនុវត្តយ៉ាងហ្មត់ចត់ទៅតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល លើការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងជាសារអប់រំមួយឲ្យបងប្អូន ប្រជាពលរដ្ឋ ចូលរួមអនុវត្តនូវវិធានការការពារជំងឺនេះផងដែរ។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏សូមអរគុណដល់ប្រតិបត្តិករទេសចរណ៍ និងអាជីវករក្នុងខេត្តសៀមរាបទាំងអស់ មគ្គុទ្ទេសក៍ទេសចរណ៍ ដែលបានរួមចំណែកយ៉ាងសំខាន់ ដើម្បីបង្ហាញថាសៀមរាបគ្មានជំងឺកូវីដ១៩ សៀមរាបជាតំបន់ទេសចរណ៍ប្រកបដោយសុវត្ថិភាព ប្រកបដោយភាពទាក់ទាញ រួសរាយរាក់ទាក់។
រដ្ឋបាលខេត្ត ក៏នឹងបន្តសកម្មភាពនេះ ក៏ដូចជាការ បង្កើតនូវកម្មវិធីនានាបន្ថែមទៀត ដើម្បីគាំទ្រដល់វិស័យឯកជនក្នុងខេត្តដូចជាសេដ្ឋកិច្ចក្នុងខេត្តទាំងមូល ក្នុងន័យបង្កើនសកម្មភាពសេដ្ឋកិច្ច ប្រាក់ចំណូល និងជីវភាពប្រជាជនក្នុងខេត្តកាន់តែប្រសើរឡើង ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
ជាមួយគ្នានេះរដ្ឋបាលខេត្តសៀមរាប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី បានចំណាយពេលវេលាមកចូលរួមកំសាន្តក្នុងកម្មវិធីនេះ ដែលជាការលើកទឹកចិត្តដល់ក្រុមការងារ និងអនុវត្តតាមគោលការណ៍នានា ដែលក្រុមការងារបានរៀបចំអនុវត្តតាមវិធានការទប់ស្កាត់ជំងឺកូវីដ១៩៕

ប្រភពពី៖ រដ្ឋបាលខេត្តសៀមរាប
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។