ដើមឈើ ៨,៦០០​ដើម បាន​ដាំ​នៅ​តំបន់​ជុំវិញ​ខេត្តសៀមរាប​

​ខេត្តសៀមរាប​៖ អាជ្ញាធរ​ជាតិ​អប្សរា បាន​ចែកជូន​កូនឈើ​ចំនួន ៨,៦០០​ដើម ដល់​សាធារណជន ហើយ​កូនឈើ​ទាំងនោះ ត្រូវបាន​ដាំ​នៅតាម​តំបន់​នានា​ជុំវិញ​ខេត្តសៀមរាប​។

​ការដាំ​ទាំងនោះ​រួមមាន​៖
១. ថ្ងៃទី​១៥ សីហា ឆ្នាំ​២០២០ លោក ស៊ាន យឿ​ម តំណាង​ប្រជា​សហគមន៍​នៅ​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប បានទទួល​កូនឈើ​ចំនួន​១,០០០​ដើមពី អាជ្ញាធរ​ជាតិ​អប្សរា យកទៅ​ចែកចាយ និង​ដាំ​ក្នុង​បរិវេណ​វត្ត​ស្រ​ណា​ល​ចំនួន​២៨០​ដើម វត្ត​ស្នួល​ចំនួន​១០០​ដើម វត្តភ្នំ​បី​ចំនួន​២០០​ដើម សាលាបឋមសិក្សា​រោង​គោ​ចំនួន​២០០​ដើម សាលាបឋមសិក្សា​ស្នួល​ចំនួន​២០០​ដើម និង​ដាំ​តាម​លំនៅដ្ឋាន​ចំនួន​២០​ដើម​។​

២. លោក លឹម ប៊ុន​ហាន នាយក​សាលាបឋមសិក្សា​សុខសាន្ត ស្ថិត​ក្នុងភូមិ​សុខសាន្ត ឃុំ​យាង ស្រុក​ពួក ខេត្តសៀមរាប បានទទួល​កូនឈើ​ចំនួន​១០០​ដើមពី អាជ្ញាធរ​ជាតិ​អប្សរា យកទៅ​ដាំ​នៅក្នុង​បរិវេណ​សាលា និង​សាលាឃុំ​យាង​។​

៣. ថ្នាក់ដឹកនាំ នាយទាហាន និង​ពលទាហាន​នៃ​កងពលធំ​អន្តរាគមន៍​លេខ​២ បាន​ដាំ​កូនឈើ​ដែល​ទទួលបាន​ពី អាជ្ញាធរ​ជាតិ​អប្សរា ចំនួន​៥,០០០​ដើម ក្នុង​បរិវេណ​ទីបញ្ជាការដ្ឋាន កងពលធំ​អន្តរាគមន៍​លេខ​២ ស្ថិតនៅ​ភូមិ​ស្រះ​ខ្វាវ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​

៤. ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២០ កូនឈើ​ចំនួន​២,៥០០​ដើម ត្រូវបាន​ដាំ​ក្នុង​បរិវេណ​វត្ត​ប្រាសាទ ស្ថិតក្នុង​ឃុំ ជប់​តា​ត្រាវ ស្រុក​អង្គរធំ ខេត្តសៀមរាប​។ កូនឈើ​ទាំងនោះ បាន​ចូលរួម​ដាំ​ដោយ​អាជ្ញាធរ​មូលដ្ឋាន និង​យុវជន​សរុប​ចំនួន ២០០​នាក់​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close