កងរាជអាវុធហត្ថ ៧៣​នាក់​ទៀត នឹង​ទៅ​បំពេញបេសកកម្ម​រក្សា​សន្តិភាព នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង​

​កំពង់ស្ពឺ​៖ កម្ពុជា ត្រៀម​បញ្ជូន​កងអនុសេនាធំ​កងរាជអាវុធហត្ថ​លេខ​១៨៦ ចំនួន ៧៣​នាក់​ទៀត ទៅ​បំពេញបេសកកម្ម​រក្សា​សន្តិភាព នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង ឆាប់ៗ​នេះ​។ នេះ​បើតាម​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ថ្លែង​យ៉ាង​ដូច្នេះ ក្នុង​ពិធី​ចុះ​ជួប​សំណេះសំណាល​កងអនុសេនាធំ​កងរាជអាវុធហត្ថ​លេខ​១៨៦ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២០​នេះ នៅ​វិទ្យាស្ថាន​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​កងក​ម្លាំ​ង​រក្សា​សន្តិភាព បោសសំអាត​មីន និង​កាកសំណល់​សង្គ្រាម នៅក្នុង​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។​

​សម្តេច បញ្ជាក់ទៀតថា កម្ពុជា បាន​ត្រៀមកម្លាំង​ចំនួន ៧៣​នាក់ ដែលជា​កម្លាំង​កងរាជអាវុធហត្ថ ដោយ​ត្រៀម​គ្រប់​លក្ខណៈសម្បត្តិ​ទាំងអស់ ទាំង​មធ្យោបាយ និង​តាម​និយាម​របស់​អង្គការសហប្រជាជាតិ គឺ​ដល់​ពេលវេលា​កម្លាំង​ហ្នឹង ត្រូវ​ប្តូរ​គឺ​យើង​នឹង​បំពេញការងារ ប្រហែល​ខែក្រោយ យើង​កំពុង​ពិនិត្យមើល​។ សម្រាប់​កងកម្លាំង​ទ័ព​ខៀវ​កម្ពុជា​ទាំងអស់ ដែល​ត្រូវ​ទៅ​បំពេញបេសកកម្ម​រក្សា​សន្តិភាព គឺ​ត្រូវតែ​អនុវត្តតាម​វិធាន​សុខាភិបាល ក៏ដូចជា​ការ​តាម​ការណែនាំ​របស់​អង្គការសហប្រជាជាតិ ដែល​បានកំណត់ ដើម្បី​ការពារ​ទប់ស្កាត់ ការចម្លង​ជំងឺ​កូ​វីដ​-១៩​។

​សូមបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជា មាន​កងទ័ព​មួក​ខៀវ​ចំនួន​៥ កងកម្លាំង​ធំៗ និង​មាន​កងកម្លាំង​រក្សា​សន្តិភាព​សរុប​ចំនួន ៦៧៨​នាក់ ក្នុង​នារី​ជិត ៨០​នាក់ បាននិងកំពុង​បំពេញបេសកកម្ម​រក្សា​សន្តិភាព UN នៅតាម​បណ្តា​ប្រទេស​ចំនួន​៤ រួមមាន​៖ ប្រទេស​ម៉ាលី​, ប្រទេស​ស៊ូដង់​ខាងត្បូង​, ប្រទេស​អាហ្វ្រិក​កណ្ដាល និង​ប្រទេស​លី​បង់​ជាដើម ខណៈ​ស្ថានភាព​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ នៅតាម​បណ្តា​ប្រទេស​ទាំង​៤ នោះ​កំពុងតែ​រីក​រាលដាល​ផងដែរ​៕

​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close