យានដ្ឋានកែច្នៃ និងជួសជុលរថយន្ដជាង៤០ទីតាំង នៅខណ្ឌសែនសុខ ត្រូវបិទអាជីវកម្ម

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌសែនសុខ បានចុះបង្ក្រាប និងបិទអាជីវកម្មយានដ្ឋានកែច្នៃ និងជួសជុលរថយន្ដខុសច្បាប់ជាង ៤០ទីតាំង ក្នុងចំណោមយានដ្ឋានបើកដំណើរការ ប្រមាណ ១១០ទីតាំង នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះ។

លោកស្រី បុប្ផា ផានី អនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា មន្ត្រីជំនាញ នឹងធ្វើការចុះបិទអាជីវកម្មទីតាំងយានដ្ឋានកែច្នៃ ដែលនៅសេសសល់ មិនទាន់មានច្បាប់អនុញ្ញាតឲ្យអស់ទាំងស្រុង។ លោកស្រីបានបន្តថា យានដ្ឋានសរុបចំនួន ១១០ទីតាំង នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ នឹងត្រូវធ្វើការបិទចំនួនជាង៤០ទីតាំង ដែលគ្មានច្បាប់អនុញ្ញាត។
គួរជម្រាបថា យានដ្ឋានជួសជុលរថយន្ត ក្នុងរាជធានីភ្នំពេញ សរុបមានចំនួន៩៧១ទីតាំង ក្នុងនោះគ្មានច្បាប់អនុញ្ញាត ចំនួន៣៩០ទីតាំង ដែលមន្ទីរជំនាញ នឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធចុះបិទអាជីវកម្មជាបន្ដបន្ទាប់៕




កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។