ពេញ​១​សប្តាហ៍​នេះ​! កម្ពុជា នឹងមាន​ភ្លៀង​ធ្លាក់​ពី​ខ្សោយ​ទៅ​បង្គួរ​, ក្រសួង សូម​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​!

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ស្ថានភាព​ធាតុអាកាស​ចាប់ពី​ថ្ងៃទី ២៦ ខែសីហា ដល់​ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២០​។​

​ក្នុង​សេចក្តីជូនដំណឹង​ក្រសួង​បាន​បញ្ជាក់ថា តាមរយៈ​តាមដាន​នៃ​ការវិវត្ត និង​ប្រែប្រួល​ជា​បន្តបន្ទាប់ នៃ​ស្ថានភាព​អាកាសធាតុ សង្កេតឃើញថា ជ្រលង​សម្ពាធ​ទាប និង​ខ្យល់មូសុង​និរតី មាន​ឥទ្ធិពល​ខ្សោយ​មកលើ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ស្ថានភាព​បែបនេះ​ធ្វើ​ឲ្យ ៖
១៖ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល ៖
– សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៧°C
– សីតុណ្ហភាព​អតិបរមា មាន​ពី ៣២-៣៤°C ។​
​ចាប់ពី​ថ្ងៃទី ២៦-២៧ ខែសីហា បណ្តា​ខេត្ត​នៅ​ភាគ​កណ្តាល និង​ភាគ​ពាយ័ព្យ នឹង​អាចមាន ភ្លៀង​ធ្លាក់​តិច ។ បន្ទាប់ពីនោះ នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​នៅក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ ។ សម្រាប់​បណ្តា​ខេត្ត​ដទៃទៀត នឹង​អាចមាន​ភ្លៀង​ធ្លាក់​តិច ។​

២៖ បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន ៖
– សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦°C
– សីតុណ្ហភាព​អតិបរមា មាន​ពី ៣០-៣២°C ។​
​នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ។​

៣៖ បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ ៖
– សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៧°C
– សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣១°C ។​
​នឹង​អាចមាន​ភ្លៀង​ធ្លាក់​តិច ។​

​ក្រសួង ក៏​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​កើត​មាននៅ​ផ្នែក​មួយចំនួន នៃ​បណ្តា​ខេត្ត​ស្ថិតនៅ​តំបន់​វាលទំនាប​ភាគ​កណ្តាល និង​ភាគ​ពាយ័ព្យ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close