ខេត្តសៀមរាប នៅតែ​ជា​ខេត្ត​គោលដៅ​ទេសចរណ៍​ធំជាងគេ​នៅ​កម្ពុជា​

​ខេត្តសៀមរាប​៖ តាម​របាយការណ៍​ផ្លូវការ​របស់​ក្រសួងទេសចរណ៍ បាន​ឲ្យ​ដឹងថា ក្នុងអំឡុងពេល​ថ្ងៃ​ឈប់សម្រាក​សង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០ កន្លងទៅ មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ បាន​ចូលមក​ទស្សនា​ក្នុង​ខេត្តសៀមរាប មាន​ចំនួន​សរុប ២១៤.០៤៧​នាក់ គឺ​ឈរ​នៅ​លំដាប់​ទី​១ ក្នុងចំណោម​រាជធានី​-​ខេត្ត ទាំង​២៥ ខណៈ​ខេត្តកំពត ឈរ​នៅ​លំដាប់​ទី​២ មាន​ចំនួន​សរុប ១៨០.៧៥៤​នាក់ ដូច្នេះ​តាមរយៈ​នៃ​ចំនួន​ភ្ញៀវ​ទេសចរណ៍​នេះ បានបង្ហាញ​ឲ្យ​ឃើញថា ខេត្តសៀមរាប នៅតែ​ជា​ខេត្ត​គោលដៅ​ទេសចរណ៍​ធំជាងគេ​នៅ​កម្ពុជា​។​

​បើតាម​មន្ត្រី​សាលាខេត្ត​សៀមរាប បាន​ឲ្យ​ដឹងថា ថ្វីត្បិតតែ​ខេត្តសៀមរាប ជា​ខេត្ត​គោលដៅ​ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និង ធម្មជាតិ ធំជាងគេ​នៅ​កម្ពុជា ដោយមាន​ប្រាង្គ​ប្រាសាទ​រាប់ពាន់​កន្លែង ដែល​បុព្វបុរស​ខ្មែរ​បាន​បន្សល់ទុករ​ហូ​ត​មកដល់​បច្ចុប្បន្ន ក្នុងនោះ​ប្រាសាទអង្គរវត្ត ជា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​ក៏ពិតមែន ប៉ុន្តែ​រដ្ឋបាល​ខេត្តសៀមរាប ក្រោម​ការដឹកនាំ​របស់​ឯកឧត្ដម ទៀ សីហា ជា​អភិបាលខេត្ត តែងតែ​រិះរក​គ្រប់​វិធីសាស្ត្រ​ក្នុង​គោលដៅ​ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវទេសចរ ឲ្យ​ចូលមក​ទស្សនា​ក្នុង​ខេត្ត​កាន់តែច្រើន និង ស្នាក់នៅ​រយៈពេល​យូរ ដូចជា​ការរៀបចំ និង កែលម្អ​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ , សណ្ដាប់ធ្នាប់​សាធារណៈ , អនាម័យ , បរិស្ថាន , សួន​កម្សាន្ដ ។​ល​។ ជាពិសេស​ឯកឧត្ដម​អភិបាលខេត្ត បាន​ណែនាំ​ដល់​អភិបាលក្រុង​ស្រុក​ទាំងអស់​ក្នុង​ខេត្ត ត្រូវ​យកចិត្តទុកដាក់​រៀបចំ​កែលម្អ​ឡើងវិញ​នូវ​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ដែលមាន​ស្រាប់​ក្នុង​មូលដ្ឋាន និង រៀបចំ​នូវ​រមណីយដ្ឋាន​កែច្នៃ​តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន រួមទាំង​មុខម្ហូប​អាហា​រ​ប្រចាំ​ស្រុក​នីមួយៗ​ផងដែរ ។​

​បើតាម​ប្រសាសន៍​របស់​ភ្ញៀវ​ទេសចរណ៍​មកពី​រាជធានី​ភ្នំពេញ និង​មកពី​តាម​បណ្ដា​ខេត្ដ​ផ្សេងៗ​ទៀត ជាមួយ​អ្នកយកព័ត៌មាន​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ពួកគាត់​បានលើកឡើង​ដូចៗ​គ្នា​ថា ការរៀបចំ​កន្លែង​កម្សាន្ដ​ផ្សេងៗ​នៅ​ខេត្ដ​សៀមរាប មាន​ប្រជាពលរដ្ឋ​ក៏​ដូច​ភ្ញៀវទេសចរ​ទៅ​កម្សាន្ដ​យ៉ាង​ច្រើ​កុះករ ជាពិសេស​ការរៀប​ចំកា​រ​ទប់ស្កាត់​ការពារ​និង​ទប់​ជំងឺ​កូ​វីដ​១៩ នៅ​កន្លែង​កម្សាន្ដ​នោះ បានល្អ​ប្រសើរ មានការ​តុបតែង​ភ្លើង​ចម្រុះ​ពណ៌​នៅតាម​ដងផ្លូវ​នានា​ក្នុង​ក្រុង​សៀមរាប​, ការរៀបចំ​ឲ្យ​មានការ​តាំង​ពិ​ព័រ​ណ៌​ផលិតផល ការរៀបចំ​ទូក​កម្សាន្ត​នៅតាម​ដឹង​ស្ទឹង​សៀមរាប​, តាម​ដងផ្លូវ​នានា​មាន​សណ្ដាប់ធ្នាប់​ល្អ​, បរិស្ថាន​ស្អាត​និង​មាន​អនាម័យ​ល្អ សំខាន់​កា​រៀបចំ​ជា​កញ្ចប់​ទេសចរណ៍​នេះ បានផ្ដល់​សារៈសំខាន់​យ៉ាងច្រើន​ដល់​ប្រជាពលរដ្ឋ តាមរយៈ​ការលក់​ចំណីអាហារ និង​ទំនិញ​ជាដើម​។​

​គួររំលឹកថា ក្នុង​ថ្ងៃ​ឈប់សម្រាក​សង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ ពីថ្ងៃ​ទី​១៧ ដល់​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្តសៀមរាប សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​ខេត្ត សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង អាជ្ញាធរ​ជាតិ​អប្សរា បានរៀបចំ​កម្មវិធី​កម្សាន្ដៗ​ជាច្រើន ដូចជា​ការតាំងពិព័រណ៍​បន្លែ​ផ្លែឈើ និង​កសិផល​ផ្សេងៗ នៃ​ផលិតផល​របស់​ក្រុង​-​ស្រុក​ទាំង​១២, កម្មវិធី​ប្រកួត​ម្ហូបអាហារ ពានរង្វាន់​មាន់​អាំង​ឆ្ងាញ់​ជាងគេ​នៅ​ខេត្តសៀមរាប​, កម្មវិធី​ផ្សារ​ទឹក​, កម្មវិធី​ជិះទូក​កម្សាន្ដ​, កម្មវិធី​កម្សាន្ដ​ក្នុង​តំបន់​ផាប់​ស្ទ្រី​ត​, ការ​ជិះ​កង់​កម្សាន្ដ​, កម្មវិធី​ដើរ​ព្រៃ នៅ​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ចង្ក្រាន​រយ​និង​នៅ​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ភ្នំ​គូលែន និង ផ្ទាំងទស្សនីយភាព​សិល្បៈ ព្រមទាំង​មានកម្ម​វិធី​កម្សាន្ដ​ផ្សេងៗ​ជាច្រើន​ទៀត​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close