ក្រុមហ៊ុន​មួយ នឹង​វិនិយោគ​ប្រមូល​ទិញ កែច្នៃ វេច​ខ្ចប់ និង​នាំចេញ​ផ្លែឈើ​ស្រស់​កម្ពុជា ចេញទៅ​ប្រទេស​ចិន​

​ភ្នំពេញ​៖ នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​រសៀល ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២០ ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន បានអនុញ្ញាត​ឱ្យ​លោក Wang Bingham អគ្គនាយក​ក្រុមហ៊ុន​ធៀន ធៀន និង​សហការី​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​នឹង​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ក្នុង​វិស័យ​កសិកម្ម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ប្រជាជន​ចិន ដែល​តែងតែ​ផ្តល់​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អប្រសើរ​មក​កម្ពុជា លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​កសិកម្ម ដោយ​ភាគី​ទាំងពីរ​បាន​និង​បន្ត​ការខិតខំ​ប្រឹងប្រែង​រួមគ្នា អនុវត្ត​ការនាំចេញ​អង្ករ​កម្ពុជា ទៅ​ទីផ្សារ​ចិន​ឱ្យបាន ៤០០​ពាន់​តោន និង​ថ្មីៗ​នេះ​ភាគី​ចិន​បាន​អនុញ្ញាតឱ្យ​កម្ពុជា​នាំចេញ​ចេកអំបូង​លឿង និង​ស្វាយ​ស្រស់​ឆ្ពោះ​ត្រង់​ទៅកាន់​ប្រទេស​ចិន​ផងដែរ​។

​ពាក់ព័ន្ធ​នឹង​គម្រោង​វិនិយោគ​ប្រមូល​ទិញ កែច្នៃ វេច​ខ្ចប់ និង​នាំចេញ​ផ្លែឈើ​ស្រស់​កម្ពុជា​ចេញទៅ​ប្រទេស​ចិន​របស់​ក្រុមហ៊ុន ឯកឧត្តម​រដ្ឋមន្ត្រី​ស្វាគមន៍ និង​គាំទ្រ ហើយ​លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា គម្រោង​វិនិយោគ​នេះ​គឺ​ពិតជា​ស្របតាម​ផែនការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​របស់​ក្រសួង​ក្នុងការ​ជំរុញ​ផលិតកម្ម​កសិកម្ម​ក្នុងស្រុក​តាមរយៈ​ការធ្វើ​ទំនើបកម្ម​កសិកម្ម ការកែច្នៃ វេច​ខ្ចប់ និង​នាំចេញ ដែល​ទាំងអស់នេះ​នឹង​ជួយ​ជំរុញ​សេដ្ឋកិច្ចជាតិ​។​

​លោក Wang Bingham បាន​ថ្លែងអំណរគុណ និង​បាន​បញ្ជាក់ថា បន្ទាប់ពី​បាន​ទស្សនកិច្ច​សិក្សា​ស្វែងយល់​អំពី​ផលិតផល និង​គុណភាព​នៃ​ផ្លែស្វាយ មៀន ខ្នុរ ធុ​រេ​ន ដូងក្រអូប និង​ក្រូចថ្លុង​របស់​កម្ពុជា លោក​ពិត​ជាមាន​ការជឿ​ជាក់​ថា​នឹង​ទទួល​ការគាំទ្រ និង​មាន​ទីផ្សារ​ខ្ពស់​នៅ​ប្រ​ទេ​ចិន​នាពេល​ដែល​ក្រុមហ៊ុន​ដាក់លក់​នៅលើ​ប្រព័ន្ធ​ទីផ្សារ​ពាណិជ្ជកម្ម​ព័ត៌មាន​វិជ្ជា​ផ្ទាល់​របស់​ក្រុមហ៊ុន​។

​ជាការ​ឆ្លើយតប ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​ក្រុមហ៊ុន​សហការ​ជាមួយ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា អគ្គនាយកដ្ឋាន​កសិក​ម្ម នាយកដ្ឋាន​សហប្រតិបត្តិ​កា​អន្តរជាតិ និង​នាយកដ្ឋាន​កសិឧស្សាហកម្ម សិក្សា​ស្វែងយល់​បន្ថែម​អំពី​សក្តា​នុ​ពុល​នៃ​ផលិតកម្ម​ឈើ​ហូប​ផ្លៃ​ខាងលើ រួច​រៀបចំ​ចុះ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​ក្រសួង ដើម្បី​ក្រសួង​មានលទ្ធភាព​អាចជួយ​សម្របសម្រួល​ក្នុង​ការធ្វើ​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ជាមួយ​សហគមន៍ និង​ជាពិសេស​នីតិវិធី​នៃ​ការនាំចេញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close