សិស្ស​ជាង ១២០០០​នាក់ នៅ​ក្រុង​ដា​ណា​ង នឹងធ្វើ​តេស្ត​កូ​វីដ​១៩ មុន​ចូល​ប្រឡង​បាក​ឌុប

​វៀតណាម​៖ អាជ្ញាធរ​ក្នុង​ក្រុង​ដា​ណា​ង នៃ​ប្រទេស​វៀតណាម បានប្រកាសថា បេក្ខជន​ប្រឡង​បាក់​ឌុប​ជាង ១២០០០​នាក់ នឹងត្រូវ​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​១៩​ជាមុនសិន មុននឹង​ចូល​ប្រឡង​បាក់​ឌុប នា​សប្តាហ៍​ក្រោយ នេះ​បើតាម​ចុះផ្សាយ​របស់​សារព័ត៌មាន Vietnam Express នា​ថ្ងៃទី​២៤ សីហា​នេះ​។​

​អាជ្ញាធរ​ក្រុង​ដា​ណា​ង ទទួលបាន​ការអនុញ្ញាត​ឲ្យ​មានការ​ប្រឡង​បាក់​ឌុប ឬ​បញ្ចប់​ថ្នាក់​ទី​១២ ពី​ក្រសួង​អប់រំ​ហើយ សម្រាប់​ការប្រឡង​ដំណាក់កាល​ទី​២ ចាប់ពី​ថ្ងៃទី​២ ដល់ ៥ កញ្ញា នាពេលខាងមុខ​។ កាលពី​ថ្ងៃទី​៩ ដល់​១០ សីហា កន្លងទៅ សិស្ស​បាក់​ឌុប​ជាង​៨៧០០០០​នាក់​ប្រឡង​រួចរាល់​ហើយ ប៉ុន្តែ​ជា​សិស្ស​មកពី​តំបន់​ផ្សេងៗ មិនមែន​នៅក្នុង​ក្រុង​ដា​ណា​ង​ទេ ហើយ​ការប្រឡង​មានការ​អនុវត្តតាម​វិធានការ​សុខាភិបាល​ទប់ស្កាត់​កូ​វីដ​១៩ ដូចជា​គម្លាត​សង្គម​ជាដើម​។​

​គួរ​បញ្ជាក់ថា វៀតណាម​មាន​កូ​វីដ​១៩​សរុប ១០២២​នាក់ គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២៤ សីហា ពោលគឺ​បន្ទាប់ពី​ឆ្លង​ក្នុង​សហគមន៍ ៦​នាក់​ថ្មី​ទៀត​។ វៀតណាម​មាន​ស្លាប់​២៧​នាក់​ហើយ ប៉ុន្តែ​ក្នុងចំណោម​ជាង​១​ពាន់​នាក់ នៅសល់​អ្នកជំងឺ​៤០៦​នាក់​កំពុង​សម្រាក​ព្យាបាល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close