រដ្ឋាភិបាល​ថៃ អនុម័ត​បន្ត​ច្បាប់​គ្រា​មាន​អាសន្ន​ដល់​ថ្ងៃទី​៣០​ខែកញ្ញា​

​បើទោះបី​មិនមាន​ករណី​ឆ្លង​កូ​វីដ​១៩​កើនឡើង​ខ្ពស់​ក្តី​តែ​រដ្ឋាភិបាល​ថៃ​បានសម្រេច​បន្ត​ច្បាប់​គ្រា​មាន​អាសន្ន​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ​១៩ យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត​។​

​នៅ​ថ្ងៃទី​២៥​ខែសីហា គណរដ្ឋមន្ត្រី​ថៃ បានអនុម័ត ពន្យា​កា​រង​នុ​វត្ត​ច្បាប់​គ្រា​មាន​អាសន្ន​បន្ថែម​១​ខែ​ទៀត រហូតដល់​ថ្ងៃទី​៣០ ខែកញ្ញា ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ​១៩ ល្អ​បំផុត​។​ ការពន្យា​ពេល​បន្ត​អនុវត្ត​ច្បាប់​គ្រាអាសន្ន ជា​លើក​ទី​៥​ហើយ​នៅក្នុង​ប្រទេស​ថៃ ចាប់តាំងពី​ច្បាប់​នេះ​ត្រូវ​បានអនុម័ត​កាលពី​ខែមីនា ឆ្នាំ​២០២០​។ លោក​Anucha Burapachaisri អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ បាន​ឲ្យ​ដឹងថា ការសម្រេច​ខាងលើ​របស់​រដ្ឋាភិបាល​គឺ​បំពេញ​ទៅតាម​សំណើរ​របស់ មជ្ឈមណ្ឌល​គ្រប់គ្រង ជំងឺឆ្លង កូ​វីដ​១៩ (CCSA) ដើម្បី​ទប់ស្កាត់​ស្ថានភាព​ឆ្លង​រាលដាល​កាន់តែខ្លាំង​ឡើង​។​

​កន្លងមក​គណៈកម្មកា​រ​សន្តិសុខ​ជាតិ​(NSC)​បាន​យលព្រម ពន្យា​ពេល​មួយខែ​ទៀត​សម្រាប់​ការអនុវត្ត​ច្បាប់​គ្រាអាសន្ន ប៉ុន្តែ​ច្បាប់​នេះ​មិន​សំដៅ​ទៅលើ​ក្រុម​បាតុកម្ម ពាក់ព័ន្ធ​នយោបាយ​នោះឡើយ​។​ ​អំពី​ស្ថានភាព​ជំងឺឆ្លង គិតដល់​ថ្ងៃទី​២៥​ខែសីហា ថៃ​រកឃើញ​ករណី​ឆ្លង​កូ​វីដ​១៩​ថ្មី​តែ​៥​នាក់​ប៉ុណ្ណោះ ជា​ពលរដ្ឋ​ថៃ​វិលត្រឡប់​មកពី​ក្រៅប្រទេស ហើយ​បាន​នៅ​ដាច់ដោយឡែក មិនមែន​ករណី​ឆ្លង​ក្នុង​សហគមន៍​ឡើយ​។ សរុប​មកទល់ពេលនេះ​ថៃ​មាន​ករណី​ឆ្លង ៣៤០២​នាក់​និង​ស្លាប់​៥៨​នាក់​៕

​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close