ឯកឧត្ដម ស៊ុន ចាន់ថុល ​ដោះស្រាយ​បញ្ហា​ប្រឈម នៅ​ច្រកទ្វារព្រំដែន​កម្ពុជា​-​វៀតណាម និង​កម្ពុជា​-​ថៃ​

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​១​របស់​ក្រុមការងារ​ចំពោះ​កិច្ច ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅ​ច្រកទ្វារ ព្រំដែន​កម្ពុជា​-​វៀតណាម និង​កម្ពុជា​-​ថៃ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង និង​ភាគី​ពាក់ព័ន្ធ​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដើម្បី​ពិនិត្យមើល​ផែនការ​សកម្មភាព​ទាំង​៧៨ ដែល​រៀបចំឡើង​ដោយ​ក្រុមការងារ ចំពោះ​កិច្ច និង​ដើម្បី​ប្រមូល​ធាតុ​ចូល​បន្ថែម​សំដៅ​ឱ្យ​ផែនការ​សកម្មភាព​នេះ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ អាចអនុវត្ត​បាន​ប្រកបដោយ​ប្រសិទ្ធភាព និង​បម្រើឱ្យ​ឧត្ដមប្រយោជន៍​រួម​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​អង្គប្រជុំ​អំពី​គម្រោង​សាងសង់ ពង្រីក និង​លើកកម្ពស់​គុណភាព និង​ធ្វើ​ទំនើបកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ទាំង​ផ្លូវគោក ផ្លូវដែក និង​ផ្លូវទឹក ដើម្បី​ជំរុញ​និង​លើកកម្ពស់ វិស័យ​ភស្តុភារ​កម្ម​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង និង​អាច​ប្រកួតប្រជែង​ជាមួយនឹង​ប្រទេស​ក្នុង​តំបន់​។​

​ជាមួយគ្នា​នោះដែរ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​ជម្រាបជូន​ថា​៖ ក្រសួង​បាន និង​កំពុងធ្វើការ​ជាមួយ​ភាគី​ថៃ ដើម្បី​អនុញ្ញាតឱ្យ​រថយន្ត​ដឹកទំនិញ​ធ្វើ​ចរាចរណ៍​តាម​ច្រកទ្វារ​ស្ទឹង​បត់​-​បាន​ណង​អៀន​បណ្ដោះអាសន្ន ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត និង​បានធ្វើការ​ជាមួយ​ភាគី​វៀតណាម​ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​នៅ​ព្រំដែន​បាវិត​-​ម៉ុក​បៃ​ផងដែរ​។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​អង្គប្រជុំ​ទាំងមូល​ចូលរួម​ជាម​តិ យោបល់​ក្នុងការ​ប្រែក្លាយ​វិស័យ​ភស្ដុភារ​កម្ម​កម្ពុជា​ឱ្យទៅជា​មណ្ឌល​ភស្តុភា​រកម្ម និង​ជាឃ្លាំង​ស្តុក​ទំនិញ របស់​ប្រទេសជិតខាង ដោយហេតុថា​កម្ពុជា​ស្ថិតក្នុង​ភូមិសាស្ត្រ​ដ៏​មាន​អំណោយផល​មួយ​ក្នុង​តំបន់ និង​ជា​ច្រក​ដឹកជញ្ជូន​ទំនិញ​ពី​ថៃ​-​កម្ពុជា​-​វៀតណាម និង​ពី​វៀតណាម​-​កម្ពុជា​-​ថៃ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close