ចិនលួចគាស់ទ្វារឡានដឹកស្រូវយកលុយ តែរត់អត់រួច សមត្ថកិច្ច​ព័ទ្ធចាប់បាន២នាក់

ជនជាតិចិនចំនួន២នាក់ ក្នុង​ចំណោម​៤នាក់ ត្រូវ​បាន​សមត្ថកិច្ចដេញស្ទាក់ព័ទ្ធចាប់បានកាលពីវេលាថ្ងៃត្រង់ ថ្ងៃទី២៥ ខែសីហា ម្សិលមិញ បន្ទាប់ពីពួកគេ​បានលួចគាស់ទ្វាឡានដឹកស្រូវ ដែល​ចត​នៅ​ចំណុចរង្វង់មូល​ស្វាយអន្ទរ រួចយកលុយ។

តាមរបាយការណ៍​សមត្ថកិច្ចថា នៅពេល​កើតហេតុនោះ មានប្រជាពលរដ្ឋបានឃើញក្រុមចោរមានគ្នា៤នាក់កំពុងតែធ្វើសកម្មភាពគាស់ទ្វាឡានដឹកស្រូវហើយស្រែកឆោឡោ និងប្រជាពលរដ្ឋបានប្តឹងដល់សមត្ថកិច្ចពេលនោះដែរមិនបង្អង់យូរ លោក អ៊ុង ផាន អធិការស្រុកស្វាយអន្ទរបានដឹកនាំកម្លាំងដេញព័ទ្ធស្ទាក់ជនសង្ស័យដែលជិ:ម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ: CI 9767 ជិ:ចូលផ្សារឈូកមាស, ពេលនោះក្រុមចោរឃើញសមត្ថកិច្ចក៏ភ័យស្លន់ស្លោក៏បានជិ:ម៉ូតូរត់គេចបន្តរហូតដល់ប៉ុស្តិ៍នគរបាលព្រៃខ្លាក៏បានបត់ក្រោយមកបុកចំពីមុខរថយន្តរបស់លោកអធិការ ខណ:ពេលដែលលោកអធិការកំពុងដេញតាមពីក្រោយក៏បណ្តាលរងការខូចខាតយ៉ាងដំណំ និងបណ្តាលអោយជនសង្ស័យម្នាក់រងរបួសបាក់ភ្លៅ។

លោក អ៊ុង ផាន អធិការស្រុកស្វាយអន្ទរបានឲ្យដឹងថា ជនសង្ស័យទាំងពីនាក់នោះជាជនជាតិចិនទី១,មានឈ្មោះ ជិញ ឈាវ ភេទប្រុស អាយុ៣២ ឆ្នាំ មានទីកំណើតនៅភូមិ កានថាង ឃុំ ធីង ធ័ន ស្រុក លាវជាំង ខេត្តគង់ស៊ី ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ទី២,ឈ្មោះ ធាន ឈួយ ភេទប្រុស អាយុ៣៥ ឆ្នាំ មានទីកំណើតនៅភូមិ ផាន សឿ ឃុំ ជីងធ័ន ស្រុក លាវជាំង ខេត្តគង់ស៊ី រងរបួសបាក់ភ្លៅត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តព្រៃវែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close