ខេត្តសៀមរាប​៖ តម្លៃ​ផល​ស្រូវ​ឆ្នាំនេះ កំពុង​បង្ហាញ​នូវ​អត្តសញ្ញាណ​ល្អប្រសើរ

ខេត្តសៀមរាប​៖ បើតាម​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប លោក ទា គឹម​សុទ្ធ បាន​មានប្រសាសន៍ថា ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​នៅ​ខេត្តសៀមរាប ឆ្នាំ​២០២០​នេះ សម្រេចបាន​សរុប​ជិត ១៩​ម៉ឺន​ហិកតា ស្មើនឹង​១០១,៤៧​ភាគរយ​នៃ​ផែនការ ក្នុងនោះ​ស្រូវស្រាល​អនុវត្តបាន​ជាង​៤​ម៉ឺន​ហិកតា​, ស្រូវកណ្តាល​ជាង​១​ម៉ឺន​ហិកតា និង​ស្រូវធ្ងន់​បាន​ជាង​៣​ម៉ឺន​៥​ពាន់​ហិកតា ខណៈដែល​ស្រុក​ពួក​អនុវត្តបាន​ជាង​២​ម៉ឺន​៥​ពាន់​ហិកតា ហើយ​កំពុង​ច្រូតកាត់​ប្រមូល​ផល​ស្រូវស្រាល​បាន​ប្រមាណ​ជា ២០០​ហិកតា​ហើយ លើ​ផ្ទៃដី​ស្រូវស្រាល​ជិត​៣​ពាន់​ហិកតា ដែល​ទិន្នផល​ក្នុង​១​ហិកតា​២,៥​តោន និង ក្រុង​សៀមរាប ក៏​កំពុងមាន​សកម្មភាព​ប្រមូល​ផល​ស្រូវស្រាល​ផងដែរ លើ​ផ្ទៃដី​ប្រមាណ​ជា​៤៥០​ហិកតា​ហើយ ក្នុងចំណោម​ផ្ទៃដី​ដែល​អនុវត្តបាន ជាង​៤.០០០​ហិច​តា ដែល​ទិន្នផល​ប្រហែលជា​៣,៥​តោន​ក្នុង​ហិកតា​។​

​លោក ទា គឹម​សុទ្ធ មាន​បន្ថែមថា នៅក្នុង​អំឡុងពេល​ដើមរដូវ​នៃ​ការប្រមូល​ផល​ស្រូវស្រាល​នេះ តម្លៃ​ស្រូវ​កំពុងស្ថិត​ក្នុង​អត្តសញ្ញាណ​ដ៏​ល្អប្រសើរ គឺ​ពួកគាត់​លក់​ស្រូវ​សើម​បាន​ពី​៨០០ ទៅ ៨៥០​រៀល​ក្នុង​១​គីឡូក្រាម បើជា​ស្រូវ​ស្ងួត​វិញ​ពួកគាត់​អាច​លក់បាន​ពី​១.១០០ ទៅ ១.២០០​រៀល​ក្នុង​១​គីឡូក្រាម គឺ​វា​ខុសគ្នា​កាលពី​ឆ្នាំមុន ដែល​ពួកគាត់​លក់​ស្រូវ​ស្ងួត បានតែ​ពី​៦៥០ ទៅ ៧០០​រៀល​ប៉ុណ្ណោះ​ក្នុង​១​គីឡូក្រាម ដែល​នេះ​គឺជា​កាលានុវត្តភាព​សម្រាប់​កម្ពុជា ឈោង​ចាប់យក​ឱកាស​ទីផ្សារ​កសិផល​លើ​វិស័យ​ស្រូវ​អង្ករ ក្នុងអំឡុងពេល​នៃ​វិបត្តិ​កូ​វីដ​១៩ ។​

​លោក បានបង្ហាញ​នូវ​ការជឿជាក់​លើ​ការដឹកនាំ​ដ៏​ឈ្លាសវៃ​នៃ​ប្រមុខ​រាជរដ្ឋាភិបាល ដែល​ជំរុញ​បាន​ទាន់ពេលវេលា​លើ​វិស័យ​កសិកម្ម​កម្ពុជា ខណៈពេលដែល​ពិភពលោក​កំពុង​ទទួលរង​វិបត្តិ​កូ​វីត​១៩ ដែល​ស្រូវ​អង្ករ គឺជា​ប្រភព​ស្បៀង​មិនអាច​ខ្វះ​បាន ជាក់ស្តែង​សហគមន៍​អ៊ឺរ៉ុប​នៅតែ​បន្ត​បញ្ជា​ទិញ ហើយ​ដែលជា​ពិសេស​នោះ​គឺ​ប្រទេស​ចិន ដោយឡែក​ប្រទេស​វៀតណាម​ក៏មាន​តម្រូវការ​ខ្ពស់​ក្នុងការ​នាំចូល​ស្រូវ​អង្ករ​ពី​កម្ពុជា ដូច្នេះ​ស្រូវ​អង្ករ​កម្ពុជា សង្ឃឹមថា​មិនមាន​ហា​នី​ភ័យ​លើ​តម្លៃ​ធ្លាក់ចុះ​នោះឡើយ ៕​

ប្រភពពី៖ មន្ទីរព័ត៌មានខេត្តសៀមរាប

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close