ក្រសួង​ធម្មការ ចេញ​វិធានការ​ទប់ស្កាត់ការចម្លង​ជំងឺ​កូ​វីដ​១៩ ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ នៅតាម​វត្ត​អារាម​

​ភ្នំពេញ​៖ ក្រសួង​ធម្មការ និង​សាសនា បានចេញ​សេចក្ដីណែនាំ​ស្ដីពី ការរៀបចំ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ និង​ពង្រឹង​វិធានការ​ការពារ​សុវត្ថិភាព​សង្គម ដើម្បី​កាត់បន្ថយ​ហានិភ័យ នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅតាម​វត្ត​អារាម​នានា ទូទាំងប្រទេស​កម្ពុជា​។​

​យោងតាម​លិខិត​របស់​ក្រសួង​ធម្មការ បាន​ណែនាំ​៦​ចំណុច ដូចខាងក្រោម​៖
​ទី​១៖ រៀបចំ​វត្ត​អារាម ឲ្យ​មាន​សណ្ដាប់ធ្នាប់ អនាម័យ​បរិស្ថាន​ល្អ ត្រូវ​ចង​ទង់ បដា ជ្វាលា ពាក្យស្លោក និង​រៀបចំ​ឲ្យ​មាន​ធុងសំរាម​សាធារណៈ​
​ទី​២៖ សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅ​មូលដ្ឋាន រៀបចំ​ឲ្យ​មាន​កម្លាំង​រក្សា​សន្តិសុខ សណ្ដាប់ ធ្នាប់ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ដែល​មក​បំពេញ​បុណ្យ​កុសល នៅ​គ្រប់​វត្ត​អារាម​
​ទី​៣៖ រៀបចំ​ទុកដាក់ បែងចែក​ទេយ្យទាន​ឲ្យ​បាន​សមរម្យ​ជៀសវាង​ភាព​ខ្លះ​ខ្ជាយ និង​យកទៅ​ជូន​កងកម្លាំងប្រដាប់អាវុធ ចែកទាន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ កុមារកំព្រា និង​ក្មេង​អនាថា​គ្មាន​ទីពឹង​
​ទី​៤៖ តាមដាន និង​ត្រួតពិនិត្យ​នៅតាម​វត្ត​អារាម ដើម្បី​អនុវត្ត​ឲ្យ​បាន​នូវ​អនុសាសន៍​របស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល​
​ទី​៥៖ ផ្សព្វផ្សាយ​នូវ​រាល់​សារ​អប់រំ​ណែនាំ​នានា ដែល​ផលិត​ដោយ​ក្រសួងសុខាភិបាល ឲ្យ​បាន​ទូលំទូលាយ ជាប់​ជាប្រចាំ​នៅក្នុង​ទីវ​ត្ត​អារាម និង​ផ្សព្វផ្សាយ​ដល់​សាធារណជន ពុទ្ធបរិស័ទ ឲ្យ​បង្កើន​ការ​ប្រុង ប្រយ័ត្ន​ខ្ពស់ សំដៅ​បង្ការ ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​
​ទី​៦៖ រៀបចំ​ឲ្យ​មាន​ជា​កន្លែង​ពិនិត្យ​សុខភាព មុនពេល​ចូលក្នុង​ទីធ្លា​វត្ត​អារាម ព្រះវិហារ ឬ​សាលាឆាន់ ត្រូវមាន​ឧបករណ៍​វាស់​កម្ដៅ សាប៊ូ ជែ​ល ឬ​ទឹក​អាល់កុល​សម្រាប់​លាង​សម្អាត​ដៃ​ជាប្រចាំ​។ ត្រូវ ពាក់​ម៉ាស ក្រមា កន្សែង ឬ​ប្រើ​ក្រដាស​ខ្ទប់មាត់​នៅពេល​ក្អក ឬ​កណ្ដាស់ និង​ត្រូវ​រក្សា​គម្លាត​បុគ្គល ម្នាក់​ទៅ​បុគ្គល​ម្នាក់ទៀត​ឲ្យ​បាន​យ៉ាងតិច​មួយ​ម៉ែត្រ​កន្លះ និង​អនុវត្តតាម​វិធាន​នានា ដែល​បាន​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close