រដ្ឋបាល​ខេត្តសៀមរាប ចាប់ផ្ដើម​អភិវឌ្ឍ​ផ្លូវ​ពី​រង្វង់​មូល​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ដល់​ចំណុច​ភ្លើងស្តុប​សុខា​អង្គ​រហើយ​

​ខេត្តសៀមរាប​៖ យោងតាម Facebook Page ផ្លូវការ​របស់​រដ្ឋបាល​ខេត្តសៀមរាប កាលពី​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២០ បាន​បង្ហាញថា ក្រុមការងារ​ចម្រុះ​រដ្ឋបាលខេត្ត បាន​រុះរើ​ការ៉ូឡា​តាម​ចិញ្ចើមផ្លូវ ដក​បង្គោល​បំភ្លឺ គាស់ដើមឈើ​លម្អ​តាម​ដងផ្លូវ ដើម្បី​យកទៅ​រក្សាទុក និង​សម្រាប់ធ្វើ​ការដាំ​ឡើងវិញ​។​

​ការរៀបចំ​សាងសង់​ផ្លូវ​នេះដែរ ក្នុង​គោលបំណង​ដើម្បី​ដើម្បី​ធ្វើ​ការបើក​ពង្រីក និង​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍ ឲ្យ​មាន​សណ្តាប់ធ្នាប់​ល្អ ធានា​សុវត្ថិភាព​ចរាចរណ៍ និង​សម្រួល​ចរាចរណ៍​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​រៀបចំ​សោ​ភ័​ណ្ឌ​ភាព​ក្នុង​ក្រុង​សៀមរាប​អោយបាន​ស្អាត​ជាង​មុន​។​

​សូមបញ្ជាក់ថា ផ្លូវ​នេះ​នឹង​ចាប់ផ្តើម​អនុវត្ត​សាងសង់​ចាប់ពី​ខែតុលា ឆ្នាំ​២០២០​ខាងមុខនេះ ដោយមាន​ប្រវែង​បណ្តោយ​សរុប​ជិត​៦​គីឡូម៉ែត្រ (៥៨០០) និង​មាន​ទទឹង ២៩​ម៉ែត្រ ដោយ​បែងចែក​គន្លង​ផ្លូវ​ទៅមក ៦​គន្លង ផ្លូវ​ទៅមក​សម្រាប់​រថយន្ត និង​ផ្លូវ​ទៅមក​សម្រាប់​ម៉ូតូ កង់ រីឯ​ផ្លូវ​ថ្មើរជើង មាន​ទទឹង ៣​ម៉ែត្រ ព្រមទាំង​រៀបចំ​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ មាន​ទទឹង ២​ម៉ែត្រ ដែល​គម្រោង​នេះ​ជា​ជំនួយ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB ) ៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close