១៤ថ្ងៃហើយ! កម្ពុជា គ្មានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីទេ តែថ្ងៃនេះ មានអ្នកជាសះស្បើយម្នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា មានអ្នកជំងឺកូវីដ១៩ម្នាក់ បានជាសះស្បើយ ខណៈ១៤ថ្ងៃហើយ មិនមានរកឃើញករណីឆ្លងថ្មីនោះទេ។

ក្រសួង បានបញ្ជាក់ទៀតថា អ្នកជំងឺកូវីដ១៩ ម្នាក់ ដែលបានព្យាលបាលជាសះស្បើយនោះ គឺបុរសជនជាតិចិន អាយុ២០ឆ្នាំ ធ្វើដំណើរពីប្រទេសហ្វីលីពីន តាមជើងហោះហើរមកដល់កម្ពុជា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពី មណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា រកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប២៧៣នាក់ (ស្រី៥៤នាក់ និងបុរស២១៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន២៦៥នាក់ (ស្រី ៥៤នាក់ និងបុរស ២១១នាក់) និងអ្នកសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ មានចំនួន០៨នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។