១ថ្ងៃ ម្សិលមិញ! សមត្ថកិច្ចចាប់យានយន្តល្មើស ១ ៤១៧គ្រឿងទៀត

ភ្នំពេញ៖ ត្រឹមរយៈពេល១ថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ នគរបាលចរាចរណ៍ទូទាំងប្រទេសកម្ពុជា បានត្រួតពិនិត្យ និងផាកពិន័យលើយានយន្តសរុបចំនួន ១ ៤១៧គ្រឿងទៀត ក្នុងនោះមានម៉ូតូ ១ ០៣៤គ្រឿង និងរថយន្ត ៣៨៣គ្រឿង។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា រយៈពេល ១១៩ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យ តាមអនុក្រឹត្យលេខ៤៩ ពោលគឺថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ នគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១៥១ ៩០៤គ្រឿង ក្នុងនោះមានម៉ូតូ ១១២ ៦០០គ្រឿង និងរថយន្តគ្រប់ប្រភេទ ៣៩ ៣០៤គ្រឿង។
សម្រាប់បទល្មើស ដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក ល្មើសសញ្ញា អត់ស្លាកលេខ និងស្រវឹង។ ដោយឡែកបទល្មើសសម្រាប់រថយន្ត គឺភាគច្រើនលើសល្បឿន លើសចំណុះ អត់ខ្សែក្រវាត់ ល្មើសសញ្ញា អត់ស្លាកលេខ ដឹកលើសទម្ងន់ អត់បណ្ណបើកបរ ប្រើប្រាស់ទូរស័ព្ទជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។