ស្នងការរងទទួលបន្ទុកព្រំដែនខេត្តតាកែវ រងការចោទប្រកាន់ថាបង្កើតកាស៊ីណូ និងល្បែងស៊ីសងនៅច្រករបៀង

ខេត្តតាកែវ ៖ លោក​ឧត្តម​សេនី​យ៍ត្រី វង្ស ណា​វុ​ធ ដែរ​​ស្នងការ​រង​នគ​បាល​ខេត្តតាកែវ​ទទួល​បន្ទុក​ព្រំដែន​​ ត្រូវ​បាន​ប្រជា​ពល​រដ្ឋ និង​មន្ត្រី​នគ​បាល​មួយ​ចំនួន​រិះគន់​ថា បាន​យក​តួនាទី​ជា​ស្នងការ​រង​ទៅ​បើក​ល្បែងស៊ីសង​ខុសច្បាប់​ជា​ច្រើន​កន្លែង​​នៅ​តាម​បណ្ដោយ​ព្រំដែន​រវាង​ខេត្តតាកែវ និង​ខេត្ត​អាន​យ៉ាងប្រទេស​វៀតណាម ។

បេី​​​តាមប្រព័ត៌មានពីប្រជាពលរដ្ឋ និងមន្ត្រីដដែលបានឲ្យដឹងថា លោក វង្ស ណាវុធ មានកាស៊ីណូចំនួន ០៣ កន្លែង ស្ថិតនៅ​ស្រុក​ចំនួន ០២ គឺស្រុកបូរីជលសារ និង ស្រុកគីរីវង់ ហើយប្រជា​ពល​រ​ដ្ឋ​មា​ន​កា​​រ​ព្រួ​យ​បា​រ​ម្ភ​ចំពោះ​ភាព​អសន្តិសុខ​ ដែលអាចកើតមានឡើងដោយសារល្បែងស៊ីសង ព្រោះបើមើលតាមកាស៊ីណូ គឺមា​ន​កា​រ​ភ្នាល់​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ ចំណែក​តា​ម​ស្រុក​ភូ​មិវិញ ក៏មានល្បែងជាច្រើន ដូចជាកន្ទុយលេខ ឬឆ្នោតវៀតណាម ដែល​ដើរល​ក់​ស្ទើរ​គ្រប់​កន្លែង។

មន្ត្រី​នគ​បាល​នៅ​ច្រក​ទ្វា​កំពង់​ក្រសាំង ​ក្នុងស្រុក​បូ​រី​ជលសារម្នាក់ ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឃុំ​កំពង់​ក្រសាំង ជិត​ប្រឡាយ​លោក ប៉ុ​ល សា​រឿ​ន មានការ​ស៊ី​ណូ​អត់​ច្បាប់​២​កន្លែង ដែលជា​របស់​លោកស្នងការ​រង​ខេត្ត​ម្នាក់​ ក្នុងនោះ​មាន​ល្បែង​ជល់​មាន់​យ៉ាង​គគ្រឹក​គគ្រេង​​ជា​រៀងរាល់ថ្ងៃ​ ជា​ពិសេស​ថ្ងៃ​សៅ​រ៍ និង​ថ្ងៃ​អា​ទិត្យ ហើយអ្នក​ចូល​មក​លេង​ជល់​មាន់​មាន​ទាំង​ជន​ជាតិ​ខ្មែរ និង​ជនជាតិ​វៀតណាម ។ បើ​ទោះបីជា​កាស៊ីណូ​នេះ​គ្មាន​ច្បាប់​ក៏​ដោយ​ក៏​អាជ្ញាធ​រស្រុក​បូ​រី​​ជលសារ ឬ​សមត្ថកិច្ច​មិន​ហ៊ាន​ទៅ​ហាមឃាត់​ដែរ ព្រោះ​ជា​របស់​លោកស្នងការ​រង​ខេត្ត​ដ៏​មាន​ឥទ្ធិ​ពល ។

មន្ត្រី​នគ​បាល​ខាងលើ​បាន​បន្ត​ថា កាស៊ីណូ​នៅ​ស្រុក​បូ​រី​ជលសា​នេះ​បាន​បើក​លេង​យូរណាស់​មក​ហើយ ហើយ​នៅ​ពេល​ថ្មី​នេះ​លោកស្នងការ​រង​ម្នាក់​បាន​ទៅ​បើក​កាស៊ីណូ​មួយ​កន្លែង​ទៀត​នៅ​ព្រំដែន​កំណប់​កែវ​ ដែល​ជា​ច្រករបៀង​មួយ ​តែបើ​តាម​ច្បាប់​ការ​បើក​ល្បែងស៊ីសង​ដោយ​ជ្រក​ក្រោម​ស្លាក​កាស៊ីណូ​ មិន​បានឱ្យ​បើក​នៅ​តាម​ច្រករបៀង​ឡើយ​គឺ​ឱ្យ​បើក​នៅ​តាម​ច្រក​ទ្វា​អន្តរជាតិ។ តែ​នេះ​គ្រាន់​ច្រករបៀង​កំណប់​កែវ​១​មានការ​បើក​ល្បែងស៊ីសង​ដោយ​ជ្រក​ក្រោម​ស្លាក​កាស៊ីណូ​ចំនួន​២​កន្លែង ស្ថិត​នៅ​ក្នុង​ឃុំ​តា​អូ ស្រុក​គី​រី​វង់។ កាស៊ីណូ​នេះ​ឮ​ថា​មានកា​រត់ការ​សុំ​ច្បាប់​អនុញ្ញាតិ ក៏​ប៉ុន្តែ​បើ​យោង​តាម​ច្បាប់​កាស៊ីណូ​គឺ​មិន​អនុញ្ញាតិ​ឱ្យ​មាន​ល្បែង​ជល់​មាន់ និង​មិន​អនុញ្ញាតិ​ឱ្យ​ជនជាតិ​ខ្មែរ​ចូល​លេង​នោះ​ទេ តែ​កាស៊ីណូ​លោកស្នងការ​រង​គេ​ឃើញ​មាន​ជនជាតិ​វៀតណាម និង​ខ្មែរ​ចូល​លេង​ពេញ​ៗ​មិន​ខ្លាចរអា​នឹង​ច្បាប់​​នោះ​ទេ ។

ទាន់ទិននឹងការចោទប្រកាន់នេះ លោកស្នងការរង វង្ស ណាវុធ បានប្រាប់ឲ្យដឹងនៅល្ងាច​ថ្ងៃទី២៧ ខែកុម្ភៈថា កា​រ​​​ចោ​ទ​​​ប្រ​កា​ន់​នេះ​គឺមិនពិតទេ ហើយកាស៊ីណូទាំង៣កន្លែងនេះ មិនមែនជារបស់លោក ឬមានកា​រ​ពា​ក់​ព័​ន្ធ​នឹ​ង​លោក​នោះទេ។ លោកបញ្ជាក់បន្ថែមថា កាស៊ីណូទាំងអស់នៅខេត្តតាកែវសុទ្ធតែមានច្បាប់ត្រឹមត្រូវ មានការតម្កល់ឯកសារជូន​ស្នង​ការដ្ឋាន និងសាលាខេត្ត ហើយលោកជាមន្ត្រីក៏មិនមានឈ្មោះទៅបើកកាស៊ីណូនោះដែរ។ ករណីនេះ​មិនអាចសុំការបំភ្លឺពីឯកឧត្តម អភិបាលខេត្ត​តាកែវ​បាន​នៅឡើយទេ នៅព្រឹក​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close