អាជ្ញាធរ​ជាតិ​អប្សរា ចាប់ផ្តើម​ផលិត​ឯកសារ​វីដេអូ «​អង្គរ និង​លើសពីនេះ​»

​ខេត្តសៀមរាប​៖ ក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង​អាជ្ញាធរ​ជាតិ​អប្សរា និង​សារព័ត៌មាន​ថ្មីៗ ក្នុង​ការផលិត​ឯកសារ​វីដេអូ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ក្នុង​គម្រោង​ដែលមាន​ឈ្មោះថា «​អង្គរ និង​លើសពីនេះ​» បានចាប់ផ្តើម​ដំណើរការ​ហើយ​។ ក្រុមការងារ​នៃ​សារព័ត៌មាន​ថ្មីៗ ដែលមាន​កិច្ចសហការ និង​ការសម្របសម្រួល​ពី​អាជ្ញាធរ​ជាតិ​អប្សរា បានចាប់ផ្តើម​ចុះមក​ផលិត​ព័ត៌មាន​ឯកសារ​នានា​ដែល​ទាក់ទង​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។​

​នៅ​ថ្ងៃ​ចាប់ផ្តើម​នៃ​កម្មវិធី ក្រុម​សារព័ត៌មាន​ថ្មីៗ បានធ្វើ​កិច្ច​សម្ភាស ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ពី​គោលបំណង​រួម​នៃ​កម្មវិធី ក៏ដូចជា​ផលិត​ឯកសារ​ស្ដីពី​កំពែង ការសម្អាត​ប្រាសាទ​ជាដើម​។​ល​។ កម្មវិធី​នេះ នឹង​បន្ត​ចុះមក​ផលិត​ឯកសារ​វីដេអូ​ជា​បន្តបន្ទាប់ ជុំវិញ​រឿង​រ៉ាង​ទាក់ទង​នឹង​តំបន់​រមណីយដ្ឋាន​អង្គរ​។​

​អង្គរ និង​លើសពីនេះ​…! គឺជា​កម្មវិធី​ផ្តោត​ជាពិសេស​ទៅលើ​តម្លៃ​ប្រាង្គ​ប្រាសាទ វប្បធម៌ ប្រពៃណី ធម្មជាតិ (​សត្វ និង​ព្រៃ​) បុរាណ​ដ្ឋា​ន តំបន់​ប្រវត្តិសាស្ដ្រ ម្ហូបអាហារ សម្លៀកបំពាក់​។​ល​។ ដែល​ស្ថិតនៅក្នុង​ខេត្តសៀមរាប​និយាយ​ជារួម និង​និយាយ​ដោយឡែក​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។ សារព័ត៌មាន​អេឡិចត្រូនិក ថ្មីៗ ដោយមាន​ការផ្តួចផ្តើម​គំនិត និង​យល់ព្រម​សហការ​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា នឹង​ព្យាយាម​ផលិត​ឯកសារ​វីដេអូ​ប្រវត្តិសាស្ដ្រ​ទាក់ទង​ទៅនឹង​តំបន់​អង្គរ​បន្ថែមទៀត​ទៅតាម​លទ្ធភាព​ដែល​ខ្លួន​អាចធ្វើ​បាន​។ ឯកសារ​វីដេអូ​នេះ​អាច​នឹង​ឡើងជា​ពីរ​ភាសា មាន​ភាសា​ខ្មែរ និង​អង់គ្លេស​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close