តោះ​! មក​ដឹង​ពី​ប្រវត្តិ “​ភ្នំ​ថ្មពួក​”

ភ្នំ​ថ្មពួក ជា​ភ្នំ​ធម្មជាតិ​ដែលមាន​តម្លៃ​ផ្នែក​ប្រវត្តិសាស្ត្រ និង​វប្បធម៌ មិនអាច កាត់ថ្លៃ​បាន​សម្រាប់​មនុស្សជាតិ​គ្រប់រូប​។ នៅលើ​ភ្នំ ដូនតា​ខ្មែរ​បាន​កសាង ប្រាសាទ​ថ្មពួក ដែល​ស្ថិតក្នុង​រចនាបថ​ក្រុម​ប្រាសាទ សំបូរ​ព្រៃ​គុក (​សង់​ពី​ប្រភេទ​ឥដ្ឋ​ដុត​) ក្នុងអំឡុង​ដើម​សតវត្សរ៍​ទី​៧ នៃ​គ្រឹ​ស្ត​សករាជ​។ ភ្នំ​ថ្មពួក មាន​រឿងរ៉ាវ​ពាក់ព័ន្ធ​នឹង​ស្តេច​ព្រះ​យ៉ង់​កោ និង​ព្រះ​នាង​សក់​ក្រអូប​ជា​មាតា ដែល​ត្រូវបាន​សត្រូវ​ចាប់​យកទៅ​។ មានរឿង​ដំណាល​ថា នៅលើ​ភ្នំ​នេះ មាន​រូងភ្នំ​ប្រវត្តិសាស្ត្រ​មួយ​ដែល​ត្រូវ​សិក្សា​បន្ថែម​។​

​ភ្នំ​ថ្មពួក​មានតម្លៃ​ផ្នែក​ជីវៈចម្រុះ ព្រោះ​ជា​ជម្រក​សត្វ និង​រុក្ខជាតិ​ច្រើន ប្រភេទ រួមទាំង​ប្រភេទ​កម្រ និង​ជិត​ផុត​ពូជ​ដែលមាន​តម្លៃ​លេចធ្លោ​ជា​សកល​សម្រាប់​ការអភិរក្ស និង​វិទ្យាសាស្ត្រ និង​ទាមទារ​ការសិក្សា​បន្ថែម​។ តម្លៃ​ផ្នែក​ភូ​គ​ម្ភ​សាស្ត្រ​គឺ តួ​ភ្នំ​ទាំងមូល​ជា​ប្រភេទ​ដី​គ្រួស​ក្រហម និង​ថ្ម​បាយ ក្រៀម​។​

​ភ្នំ​ថ្មពួក ស្ថិតនៅ​ភូមិ​ត្រពាំង​បី ឃុំ​ត្រពាំង​បី ស្រុក​ឈូក ខេត្តកំពត ចំងាយ ១២៦ គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ​តាមផ្លូវ​ជាតិ​លេខ​៤១(​ផ្លូវ​ព្រះ​អង្គឌួង )​។ នៅលើ​ផ្លូវជាតិ​លេខ ៤១ ត្រង់​បង្គោល​ថ្ម​លេខ ៨៨ អ្នកនឹង​ឃើញ​ផ្លូវដី ក្រហម ហើយ​បត់​ចូល​តាមផ្លូវ​នោះ​រួច​បន្តដំណើរ​ប្រមាណ ២ គីឡូម៉ែត្រ​នឹង​ទៅដល់​ភ្នំ​ថ្មពួក​។​

​ប្រាសាទ​ថ្មពួក ត្រូវបាន​ចុះ​ក្នុង​បញ្ជី​សារពើ​ភណ្ឌ​លេខ ៦៦៥៨ ជា​សម្បត្តិ បេតិកភណ្ឌ​ជាតិ និង​ផ្ទៃ​ដីភ្នំ​ថ្មពួក​គ្របដណ្តប់​លើ​ទំហំ​ប្រមាណ ៣៣​ហិច​តា បាន​បោះ​បង្គោលព្រំ​សម្គាល់​ជា​តំបន់​បេតិកភណ្ឌ​វប្បធម៌ ដោយ​ក្រសួង វប្បធម៌ និង​វិចិត្រសិល្ប​: រួចហើយ​។ រដ្ឋាភិបាល​ចេញ​លិខិត​លេខ​១៣៤៥ សជណ​.​កស ចុះ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨ ឱ្យ​ក្រសួងបរិស្ថាន​សហការ ជាមួយ​អ្នកពាក់ព័ន្ធ​រក្សាទុក​តំបន់​សា្ថ​នី​យ​បុរាណ​ចំនួន​១៧៣​ទីតាំង នៅ តាម​តំបន់ភ្នំ ក្នុង និង​ក្រៅ​តំបន់ការពារធម្មជាតិ ជា​តំបន់​អភិរក្ស​បេតិកភណ្ឌ សម្រាប់​កេរ្តិ៍មរតក​មនុស្សជាតិ​គ្រប់​ជំនាន់ ក្នុងនោះ​មាន​ភ្នំ​ថ្មពួក​ផងដែរ​។



ក្រសួងបរិស្ថាន សហការ​ជាមួយ​ស្ថាប័ន ភាគី​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន នឹង​ស្នើសុំ​រដ្ឋាភិបាល​បង្កើតជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ថ្មពួក រួមមាន​៖
១)​ភ្នំ​ថ្មពួក​ដែលមាន​ប្រាសាទ​ថ្មពួក​នៅលើ​នោះ​។​
២)​ស្រះ​បុរាណ (​ស្រះ​ល្បើក ឬ​ស្រះ​ថ្មអណ្តែត​) ទំហំ ០២​ហិច​តា ស្ថិតនៅ​ប្រមាណ​១០០០ ម៉ែត្រ ពី​ភ្នំ ដែល​ដូនតា​ខ្មែរ​បាន​ជីក​ជា​ឧបសម្ព័ន្ធ​នៃ​ប្រាសាទ​ថ្មពួក​។​
៣) បឹង​ធម្មជាតិ​(​បឹង​ថ្មពួក​)​គ្របដណ្តប់​លើ​ផ្ទៃដី​៤៥​ហិច​តា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close