ក្រសួងសុខាភិបាល ណែនាំ​ឲ្យ​ពលរដ្ឋ​ការពារ​ពី​ការចម្លង​វីរុស​កូ​វីដ​-១៩ ក្នុងអំឡុង​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​

​ភ្នំពេញ​៖ ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្ដីណែនាំ ស្តីពី​ការការពារ​ការចម្លង​វីរុស​កូ​វីដ​-១៩ និង​ការពុល​ចំណីអាហារ ក្នុងអំឡុង​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​០៣ ដល់​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២០ ខាងមុខនេះ​។​

​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា ដោយ​ផ្អែកលើ ស្ថានភាព​នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩ នៅលើ​បណ្ដា​ប្រទេស​លើ​សកលលោក និង​នៅក្នុង​តំបន់ មិនទាន់​មានការ​ធូរស្បើយ​ហើយ កំណើន​នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩ និង​ការស្លាប់​ដោយសារ​ជំងឺ​នេះ នៅតែ​បន្ត​មាន​ខ្ពស់​នៅឡើយ បើទោះបីជា​ប្រទេស​កម្ពុជា មិនទាន់មាន​ការចម្លង​វីរុស​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​នៅឡើយ​ក៏ដោយ ក៏​ជំងឺ​ដ៏​កាច​សាហាវ​នេះ នៅតែ​ជាការ​គំរាមកំហែង​សុខ ភាព​សាធារណៈ ហើយ​លទ្ធភាព​នៃ​ការចម្លង​វីរុស​នេះ នៅក្នុង​ប្រទេស ក៏​នៅតែ​ជា​ក្ដី​ព្រួយបារម្ភ​នៅឡើយ​ដែរ​។​

​ក្រសួងសុខាភិបាល សូម​អំពាវនាវ និង​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បន្ត​អនុវត្ត​ការការពារ​ការចម្លង​វីរុស​កូ​វីដ​-១៩ ដោយ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងអំឡុង​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​០៣ ដល់​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២០ ខាងមុខនេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close