ខ្លាច​ប៉ះពាល់​ដល់​របប​រាជា​និ​យ​ប ពលរដ្ឋ​ថៃ នាំគ្នា​ធ្វើបាតុកម្ម​គាំទ្រ​

​ថៃ​៖ បន្ទាប់ពី​មាន​បាតុកម្ម​ប្រឆាំង​រដ្ឋា​ភី​បាល និង​ទាមទា​កំណែទម្រង់ ស៊ីជម្រៅ ពី​ក្រុមបាតុករ និស្សិត​។ កាលពី​ថ្ងៃទី ៣០​ខែសីហា មាន​ពលរដ្ឋ​ប្រមាណ​ជាង​១​ពាន់​នាក់​គាំទ្រ​របបរាជានិយម​បាននាំគ្នា​ដង្ហែរ​ក្បួន​គាំទ្រ ដល់​រាជានិយម​ថៃ​។​

​តាម​ការចុះផ្សាយ​ដោយ សារព័ត៌មាន CNA បាន​ផ្សាយ​ថា ពលរដ្ឋ​ថៃ​ប្រមាណ​ជាង ១,២០០​នាក់ បាន​ប្រមូល​ផ្តុំគ្នា​នៅ​ថ្ងៃអាទិត្យ​នេះ នៅឯ​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​ទីក្រុង​បាងកក ដើម្បី​បង្ហាញ​ការគាំទ្រ​ដល់​របបរាជានិយម បន្ទាប់ពី​ការធ្វើ​បាតុកម្ម​ប្រឆាំងនឹង​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​ក្រុមនិស្សិត បាន​កើតឡើង​ស្ទើរ​រាល់ថ្ងៃ​ជាង​មួយខែ​មកហើយ ដើម្បី​អំពាវនាវ​ឲ្យ​មាន​ផ្លាស់ប្តូរ​រដ្ឋាភិបាល និង​កំណែទម្រង់​ស្ថាន​ប័ន​ព្រះមហាក្សត្រ​។ ​មួយ​នឹង​ដៃ​កំពុងកាន់​ទង់ជាតិ និង​ព្រះឆាយាល័ក្ខណ៍​នៃ​ព្រះមហាក្សត្រ​ថៃ Maha Vajiralongkorn ដែល​ភាគច្រើន​ជា​មនុស្ស​វ័យ​ចំណាស់ បាន​ហៅ​ខ្លួនឯង​ថា​«Thai Pakdee» ឬ​ប្រែ​ថា «​ថៃ​ស្មោះត្រង់​» បាន​ជំរុញ​ប្រជាជន​ថៃ ឲ្យ​ការពារ​របបរាជានិយម និង​ប្រទេសជាតិ​។​

​ការប្រមូល​ផ្ដុំគ្នា​នៅ​ពហុកីឡាដ្ឋាន​ជាតិ​ក្នុង​ទីក្រុង​បាងកក នៅ​ថ្ងៃអាទិត្យ​នេះ អ្នករាជានិយម​ថៃ​ខ្លះ កាន់​ផ្ទាំង​បដា​ដែល​សរសេរ​អក្សរ​ធំៗ​ថា «​យើង​ស្រឡាញ់​ស្តេច​» ខណៈដែល​អ្នក​ខ្លះទៀត​សរសេរថា «​សង្គ្រោះ​ជាតិ​», «​កុំ​សម្លុត​អ្នក​ស្មោះត្រង់​» និង​«​បើ​ចង់​ផ្តួលរំលំ​ស្ថាប័ន​ព្រះមហាក្សត្រ ត្រូវ​រំលង សាកសព ខ្ញុំ​សិន​»​។ ​បាតុករ​ម្នាក់​ឈ្មោះ Somporn Sooklert អាយុ ៦៣ ឆ្នាំ បាន​មានប្រសាសន៍ថា «​ខ្ញុំ​ចង់​ឲ្យ​មនុស្ស​ជំនាន់​ថ្មី ពេញចិត្ត​ប្រទេសជាតិ សាសនា និង​រាជានិយម តាម​ដែល​អាចធ្វើ​ទៅបាន ពីព្រោះ​បើ​គ្មាន​មួយ​ក្នុងចំណោម​ទាំងបី​នេះ ប្រទេសជាតិ​មិនអាច​រស់​បានទេ​»​។​

​គួរ​ជម្រាប​ថា ការប្រមូលផ្តុំ​នេះ កើតឡើង​បន្ទាប់ពី​មានការ​ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ថៃ​ដឹកនាំ​ដោយ​ក្រុមនិស្សិត អស់​រយៈពេល​ជាង​មួយខែ​មកហើយ ដែល​បានទាមទារ​បណ្តេញ​រដ្ឋា​ភិ​បាល និង​បាន​រិ​ហារ ច្បាប់ព្រហ្មទណ្ឌ​១១២ ដែល​ចែង​ការពារ​យ៉ាង​មុតមាំ​របបរាជានិយម និង គ្រួសារ​រាជវង្ស​ថៃ​៕

 
​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close