ត្រឹម១ខែ! មនុស្សជាង ១០០នាក់ ត្រូវសមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនករណីគ្រឿងញៀន
ខេត្តសៀមរាប៖ តាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប ស្ដីពីលទ្ធផលអនុវត្តផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៥ ប្រចាំខែកក្កដា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ក្នុងរយៈពេលមួយខែនេះ កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបករណីគ្រឿងញៀន បានចំនួន ៤៨ករណី ដោយឃាត់ខ្លួនមនុស្សចំនួន ១១១នាក់ ក្នុងនោះស្រីចំនួន១០នាក់ ហើយក្នុងចំនួនសរុបនេះ មានករណីជួញដូរ និងរក្សាទុកគ្រឿងញៀន ចំនួន ៣២ករណី ដោយឃាត់ខ្លួនចំនួន ៧៣នាក់ ក្នុងនោះស្រីចំនួន០២នាក់ , ករណីប្រើប្រាស់ចំនួន១២ករណី ដោយឃាត់ខ្លួនមនុស្សចំនួន ៣៤នាក់ ក្នុងនោះស្រីចំនួន០២នាក់ និង ករណីអនុវត្តតាមដីកា ចំនួន ០៤ ករណី ដោយឃាត់ខ្លួនមនុស្សចំនួន ០៤នាក់ ក្នុងនោះស្រីចំនួន ០១នាក់។
បើតាមប្រសាសន៍របស់លោកវរសេនីយ៍ទោ ណាម ណម នាយរងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់ថា កិច្ចសហប្រតិបត្តការរបស់សមត្ថកិច្ចខេត្ត កាលពីឆ្នាំ២០១៩កន្លងទៅនោះ គឺបង្ក្រាបបានចំនួន ៤២៧ករណី ដោយឃាត់ខ្លួនមនុស្សចំនួន ១.២៧០នាក់ ក្នុងនោះស្រីចំនួន៧៦នាក់ ប៉ុន្តែបើទោះទិន្នន័យឆ្នាំ២០២០នេះមិនទាន់ច្បាស់លាស់ តែតាមការសន្និដ្ឋានករណីគ្រឿងញៀននេះមានការថយចុះ ដូច្នេះតាមរយៈនេះ សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមសហការ និង រាយការណ៍ជូនដល់សមត្ថកិច្ច ប្រសិនបើឃើញមានករណីគ្រឿងញៀននេះ។
គួរបញ្ជាក់ថា តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២០នេះ សមត្ថកិច្ចទូទាំងប្រទេសបានរកឃើញករណីគ្រឿងញៀន ចំនួនជាង ៤ពាន់ករណី គឺកើនឡើងចំនួន២៧ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដោយក្នុងនោះ ឃាត់ខ្លួនជនសង្ស័យ បានជាង៨ពាន់នាក់ កើនឡើងជាង២៦ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩៕
ប្រភពពី៖ មន្ទីរព័ត៌មានខេត្តសៀមរាប
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។