អាមេរិក សន្យានឹងជួយរហូតដល់កម្ពុជា រំដោះគ្រាប់មីនចុងក្រោយ
ភ្នំពេញ៖ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ឯកឧត្ដម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន រួមជាមួយឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងប្រតិបត្តិករបោសសម្អាតមីនបានរៀបចំពិធីបង្សកូលជូនចំពោះអតីតអ្នកដោះមីន និងជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
ក្នុងនាមសម្តេចតេជោដែលជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ទោះបីការបាត់បង់ជីវិត ឬ ពិការប្រជាជនសូម្បីតែម្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម គឺជាទុក្ខសោក និងជាការសោកស្តាយបំផុតសម្រាប់ប្រទេសជាតិទាំងមូល។ ឯកឧត្ដម ទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ប្រទេសកម្ពុជាតូចនិងក្រីក្រមែន ប៉ុន្ដែកម្ពុជាមានបេះដូងធំទូលាយ ក្នុងការចូលរួមការងារមនុស្សធម៌ និងរក្សាសន្តិភាពនៅលើពិភពលោក។
ជាមួយគ្នានេះ ឯកឧត្តម W. Patrick Murphy បានមានប្រសាសន៍ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងបន្តជួយរហូតដល់កម្ពុជារំដោះគ្រាប់មីនចុងក្រោយនៅឆ្នាំ២០២៥ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។