អាជ្ញាធរ​ជាតិ​អប្សរា អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ ជួសជុល និង​សាងសង់​សំណង់​តូចតាច ១៨១​សំណើរ ក្នុង​ឧទ្យាន​អង្គរ​

​សៀមរាប​៖ របាយការណ៍​លេខាធិការដ្ឋាន​សហគមន៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ប្រចាំ​ខែសីហា ឆ្នាំ​២០២០ បង្ហាញថា ក្រុមការងារ​សហគម​ន៍​បាន​ចុះ​សម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ​ដើម្បី​ពិនិត្យ​និង​ដោះស្រាយ​សំណើ​ស្នើសុំ​ជួសជុលផ្ទះ រួមទាំង​សាងសង់​តូចតាច​តាម​ភូមិ​ទាំង​១១២​ភូមិ ក្នុង​តំបន់​ឧទ្យាន​អង្គរ ដោយ​ក្នុងនោះ​បានអនុញ្ញាត​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​១៨១​សំណើ ក្នុង​២៥៦​សំណើ​។​

​ករណី​អនុញ្ញាត​សំណើ​ខាងលើ​ផ្តល់ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​បាគង​៦៦​សំណើ ស្រុក​អង្គរធំ​ចំនួន​២៦​សំណើ ស្រុក​ពួក​ចំនួន​២៦​សំណើ ស្រុក​បន្ទាយស្រី​បាន​ចំនួន​២៩​សំណើ និង​ក្រុង​សៀមរាប​ចំនួន​៣៤​សំណើ សរុប​បាន​១៨១​សំណើ​។​

​ប្រភេទ​សំណើ​ដែល​ក្រុមការងារ​សហគមន៍​ចុះ​ពិនិត្យ​និង​ដោះស្រាយ​មាន ១. ការជួសជុល​ផ្ទះ​៖ ការជួសជុល​ឬ​ប្តូរ​ដំបូល ប្តូរ​ជញ្ជាំង ប្តូ​រសសរ ប្តូរ​ឬត​សំ​យ៉ាប ជួសជុល​ជណ្តើរ ជួសជុល​របង​មាន​ស្រាប់ បន្ទប់​ក្រោមផ្ទះ​។ ២. សំណង់​តូចតាច​៖ សង់​បង្គន់ សង់​ទ្រុងមាន់ ទា ជ្រូក ជង្រុក​ស្រូវ តូប​ឬ​រោង​លក់ដូរ​មុខផ្ទះ​។ ៣.​ចាក់ដី​៖ ចាក់ដី​លុប​គ្រលុក​ក្នុង​បរិវេណ​ផ្ទះ​ក្រោម​។​ល​។ រាល់​ការស្នើ​សុំច្បាប់​សាងសង់​គឺ​ពុំមាន​ការបង់ប្រាក់​ទេ​។​

​ក្រុមការងារ​សហគម​ន៍​តែង​ចុះ​ជាប់​ជាប្រចាំ ដើម្បី​សម្របសម្រួល​លើ​ករណី​សំណើ​ផ្សេងៗ​និង​ជួយ​ណែនាំ​ផ្សព្វផ្សាយ​អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​យល់​កាន់តែច្បាស់​ពី​តួនាទី​អាជ្ញាធរ​ជាតិ​អប្សរា ការប្រើប្រាស់​ដីធ្លី​ក្នុង​តំបន់​ការពារ​នៃ​រមណីយដ្ឋាន​អង្គរ នីតិវិធី​នៃ​ការដាក់​ពាក្យស្នើសុំ​ជួសជុល និង​សាង​សង់ផ្ទះ​ក្នុង​ឧទ្យាន​អង្គរ​។​

​ក្រៅពីនេះ​ក្រុមការងារ​ក៏បាន​ឧ​ត្ថ​ម្ភ​ថវិកា​ជូន​ចំពោះ​កុមារ​ពិកា កុមារ​សតិ​មិន​ប្រក្រតី រួមទាំង​គ្រួសារ​ក្រីក្រ​។​ល​។ និង​នៅតែ​បន្ត​ចុះ​ពិនិត្យ ដោះស្រាយ​សំណើសុំ​ជួសជុល​និង​សាងសង់​តូចតាច​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​និង​ទាន់ពេលវេលា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close