រូបសំណាក​ស្ត្រី​អង្គុយ​ឱប​កូន ធ្វើ​អំពី​ស្ពាន់ ទុកជា​ការចងចាំ ក្នុង​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​រូបសំណាក់ “​ស្ត្រី​កំពុង​អង្គុយ​ឱប​កូន​” ស្ថិតនៅក្នុង​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក ក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​មន្ត្រីរាជការ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ផងដែរ​។​

​ឯកឧត្ដម ឃួ​ង ស្រេង បាន​លើកឡើងថា ការកសាង​រូបសំណាក​ស្ត្រី​កំពុង​អង្គុយ​ឱប​កូន​ស្ថិតនៅក្នុង​បរិវេណ​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក​នេះ គឺ​ដើម្បី​រំលឹក​ឡើងវិញ​នូវ សច្ចធម៌​ប្រវត្តិសាស្ត្រ​នៃ​ជីវិត​រស់នៅរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​ទូទៅ ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត ចន្លោះ​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩ ដែល​ត្រូវ​ព្រាត់ប្រាស់​ក្រុមគ្រួសារ ប្រពន្ធ​ព្រាត់​ប្ដី ប្ដី​ព្រាត់កូន ហើយក៏​មិនដឹងថា​ត្រូវ​ព្រាត់​ស្លាប់​ឬ ព្រា​ត់រស់ ឯ​អ្នក​នៅរស់​ក៏​រង់ចាំតែ​ពេល​ត្រូវបាន​គេ​យកទៅ​សម្លាប់​ប៉ុណ្ណោះ ពោលគឺ​ជីវិត​មានតែ​ក្តី​អស់សង្ឃឹម និង​ភាព​ភ័យរន្ធត់​គ្រប់ពេលវេលា​។

​សូមជម្រាបថា រូបសំណាក​នេះ ធ្វើឡើង​អំពី​ស្ពាន់​មាន​កម្ពស់​២​ម៉ែត្រ មាន​ខឿន​ពីរ​ថ្នាក់​កម្ពស់ ១,២២​ម៉ែត្រ ថ្នាក់​ទី​១ កំពស់​១,៨៦​ម៉ែត្រ បណ្ដោយ ៤,២០​ម៉ែត្រ កំរាល​ផ្ទៃ​ខាងលើ​៩​ម៉ែត្រការ៉េ និង​ស៊ុ​បូក​ថ្មលាង​ពណ៌​ប្រផេះ​បិត​ម៉ាប​ពណ៌​ខ្មៅ​នៅ​ជញ្ជាំង​ទាំង​បួន ទិស ដោយមាន​ចារិក​អក្សរ​ជា​ភាសា​ខ្មែរ​និង​អង់គ្លេស​ដែលមាន​ខ្លឹមសារ ស្ដីពី​ការចងចាំ​គ្មាន​ថ្ងៃ​ភ្លេច​នូវ​របប​កម្ពុជា​ប្រជាធិបតេយ្យ ១៧​ខែ ០៤​ឆ្នាំ ១៩៧៥ ថ្ងៃ​០៦​ខែ ០១​ឆ្នាំ ១៩៧៩​។ ថ្នាក់​ទី​២ កម្ពស់​០,៣៦០ ម៉ែត្រ បណ្ដោយ ៤,២​ម៉ែត្រ ផ្ទៃ កម្រាល​ថ្ម​ម៉ាប​ពណ៌​ប្រផេះ​ខ្មៅ​។ រូបសំណាក​នេះ​មាន​កំពស់​សរុប​៣,២២​ម៉ែត្រ និង​បាន​ប្រើប្រាស់​រយៈពេល​នៃ​ការសាងសង់​ចំនួន ០៦​ខែ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close