ស្វីស បន្តជួយបណ្ដុះបណ្ដាលជំនាញទេសចរណ៍ ដល់ពលរដ្ឋកម្ពុជា រយៈពេល៤ឆ្នាំទៀត

ភ្នំពេញ៖ វិស័យទេសចរណ៍កម្ពុជា កាន់តែមានសង្ឃឹមមួយកម្រិតទៀត ខណៈការិយាល័យសហប្រតិបត្តិការស្វីសបានពាំនាំដំណឹងមកជម្រាបប្រាប់ក្រសួងទេសចរណ៍ឱ្យដឹងថា រដ្ឋាភិបាលស្វីស នឹងបន្តជួយគាំទ្រលើគម្រោងអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈទេសចរណ៍ដល់ប្រជាពលរដ្ឋកម្ពុជាដែលរស់នៅខេត្តភាគខាងជើង និងភាគឦសាន រយៈពេល៤ឆ្នាំទៀត។

ការឱ្យដឹងបែបនេះ គឺក្នុងខណៈជំនួបពិភាក្សារវាងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក ម៉ាខឺស ប័រលី (Markus Buerli) នាយកការិយាល័យសហប្រតិបត្តិការស្វីស នៃស្ថានអគ្គកុលស៊ុលស្វីសប្រចាំកម្ពុជា នៅទីស្ដីការក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០។
លោក ម៉ាខឺស ប័រលី បានឱ្យដឹងថា ចាប់ពីឆ្នាំ២០២២-២០២៥ ខាងមុខ រដ្ឋាភិបាលប្រទេសស្វីសនឹងដាក់ចុះគម្រោងអភិវឌ្ឍន៍ធំថ្មីមួយទៀត ដែលនឹងអនុវត្តតាមប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ គម្រោងនេះនឹងត្រូវអនុវត្តលើវិស័យជាច្រើន ដូចជា វិស័យទេសចរណ៍ វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាដើម។

ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ថ្មី ២០២២-២០២៥ នេះទៀតសោត ស្វីសនឹងបន្តជួយអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈទេសចរណ៍ដល់ប្រជាពលរដ្ឋកម្ពុជានៅតាមខេត្តភាគខាងជើង និងភាគឦសាន ដូចជា ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី និងខេត្តមណ្ឌលគិរី។
ជាមួយគ្នានោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានស្នើឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ពិសេសលើផ្នែកទេសចរណ៍សហគមន៍ ដើម្បីធ្វើយ៉ាងបង្កើនការបណ្ដុះបណ្ដាលលើផ្នែកគុណភាពសេវាកម្មទេសចរណ៍ដល់ប្រជាសហគមន៍ និងប្រជាពលរដ្ឋមូលដ្ឋានឱ្យបានកាន់តែច្រើន ហើយឆ្លើយតបទៅនឹងបរិបទថ្មីក្រោយវិបត្តិជំងឺកូវីដ ឬ New Normal Life។

សូមជម្រាបថា កន្លងមក កម្ពុជា-ស្វីស ធ្លាប់បានសហការគ្នាលើការអភិវឌ្ឍន៍ទេសចរណ៍ តួយ៉ាងមានដូចជា គម្រោងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ដល់យុវជនកម្ពុជា ដើម្បីឱ្យពួកគេមានចំណេះជំនាញស្របតាមស្ដង់ដាអាស៊ាន។ ក៏មានដែរនូវការជួយរៀបចំស្ដង់ដាទទួលស្គាល់អ្នកដែលមានការងារក្នុងវិស័យទេសចរណ៍ តែមិនទាន់មានវិញ្ញាបនបត្រ ឬសញ្ញាបត្រ ខណៈគម្រោងទាំងនេះសុទ្ធមានរយៈពេល៤ឆ្នាំដូចគ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។