ចម្លាក់​ជា​បន្ទប់​គេង ជីកដី​នៅ​ព្រៃ​សហគមន៍​គោក​តឹង កំពុង​ទទួល​ការចាប់អារម្មណ៍​ខ្លាំង​

​សៀមរាប​៖ ចម្លាក់​ដី ដោយសារ​ការជីក​ទៅក្នុង​ដី ដែល​រំលេច​ដោយ​ការ​សូន្យ​រូប និង​ឆ្លាក់​រូប​ជា​បន្ទប់​គេង មាន​គ្រែ មាន​តុ​កៅអី ប្រៀបដូចជា​គេហដ្ឋាន​ត្រកូល​អភិ​ជនណាម្នាក់ និង​មាន​រូបភាព​ផ្កា​ភ្ញី​លើ​ជញ្ជាំង ស្ថិតនៅ​ក្នុងភូមិ​គោក​តឹង ឃុំ​ចា​ន់ស ស្រុក​សូទ្រនិគម ខេត្តសៀមរាប ដែល​កសាងឡើង​ដោយ​យុវជន​ពីរ​នាក់ ជា​បងប្អូន​នឹង​គ្នា​រស់នៅ​ភូមិរ​ការ​កំបុត ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង កំពុង​ទទួល​ការចាប់អារម្មណ៍​ជាខ្លាំង​ពី​ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី ដែល​រស់នៅ​ភូមិ​ក្បែរៗ ហើយ​បាននាំគ្នា​ទៅលេង និង​ថត​យក​រូបភាព​មក​ផុស​តាម​បណ្តាញ​សង្គម​យ៉ាង​សប្បាយរីករាយ ។​

​លោក ពា​ញ ស៊ីថា ជា​អ្នក​រចនា និង​ដឹកនាំ​កែច្នៃ​រូប បាន​ឲ្យ​ដឹងថា តាមពិត​លោក​ពុំមែន​ជា​វិចិត្រករ និង​ធ្លាប់​សិក្សា​ពី​ផ្នែក​ចម្លាក់​អី​ទេ ប៉ុន្តែ​ការច្នៃប្រឌិត​និង​ឆ្លាក់​រូបភាព​ទាំងនេះ គឺ​ចេះ​ត​ពី​ការសង្កេត​ពីគ្នា​ទៅវិញទៅមក បូករួម​ជាមួយ​ការច្នៃប្រឌិត​បង្កើត​គំនិត​ថ្មីៗ​បន្ថែម​ខ្លួនឯង​ផង ទើប​លេចចេញ​ជាស​មិ​ទ្ឋ​ផល​រូបភាព​នេះ​ឡើង ហើយ បច្ចេកទេស​នៃ​ការកែច្នៃ​នេះ គឺ​កើតឡើង​ពី​កម្លាំង​មនុស្ស​សុ​ទ្ឋ​សាធ ដោយ​ប្រើ​ឧបករណ៍​សាមញ្ញៗ​សម្រាប់​ជីក​កាយ​ដី​ដោយ​ផ្ទាល់ដៃ​នៃ​កម្លាំង​ពលកម្ម​ចំនួន​៩​នាក់ ក្នុង​មួយថ្ងៃ​ទទួលបាន​ការឧបត្ថម្ភ​ជាប្រចាំ​ចំនួន​២៥.០០០​រៀល ដោយ​ចែកចេញជា​ពីរ​ក្រុម ក្នុងនោះ​អ្នកខ្លះ​ធ្វើការ​ជាមួយ​យូរហើយ គាត់​អាចជួយ​លើ​កិច្ចការ​ចិត​ក្បាច់ អាច​ជំនួស​ដៃជើង​មេក្រុម​ម្តងម្កាល​បាន តែ​ទំរាំ​នឹង​គាត់​ចេះ​អាច​ធ្វើបាន​ត្រូវ​ប្រើពេល​ពន្យល់​ប្រាប់​រាប់​ខែ​ទើប​គាត់​ចេះ​ធ្វើបាន ហើយ​ការធ្វើ​នេះ គឺ​ពុំបាន​ប្រើប្រាស់​គ្រឿង​ម៉ាស៊ីន ឬ​ឧបករណ៍​ទំនើប​អ្វី​ឡើយ ប៉ុន្តែ​ចម្លាក់​ទាំងអស់នេះ មិន​ធន់​នឹង​ការ​ប៉ះ​ទឹក​ឡើយ ។​

​លោក ពា​ញ ស៊ីថា បានបញ្ជាក់​ទៀតថា ដំបូង​ឡើយ​ការ​រចនា​និង​កែច្នៃ​រូបភាព​ទាំងនេះ​ឡើង គឺ​ដើម្បី​អាជីវកម្ម​ក្នុង​ប្រ​ព័​ន្ឋ​យូ​ធ្យូ​ប ដែល​ធ្វើបាន​ពីរ​បី​ឆ្នាំ​មកហើយ ប៉ុន្តែ​ក្រោយពី​ស្នាដៃ​នេះ​បាន​ផ្សព្វផ្សាយ​ទៅ​ក្រៅ ក៏​ត្រូវបាន​មជ្ឈដ្ឋាន​មហាជន​ជាតិ​និង​អន្តរជាតិ​សម្តែង​ពេញចិត្ត គាំទ្រ និង​សរសើរ​នូវ​ស​មិ​ទ្ឋ​ផល​ទាំងនេះ​ថា​ពិតជា​ស្អាត រស់​រវើក​ដូច​រូប​ពិតៗ ដែល​គួរឱ្យ​ចាប់អារម្មណ៍ ប៉ុន្តែ​គួរឱ្យ​ស្តាយ ដោយសារតែ​លោក​សុំ​ដី​គេ​បណ្តោះអាសន្ន​សម្រាប់​រចនា​រូបភាព​ផ្សេងៗ​ដើម្បី​ថត​និង​ចងក្រង​ជា​៝​ឯកសារ​ប​ញ្ជូ​ល​ទៅក្នុង​កម្មវិធី​យូ​ធ្យូ​ប ក្រោយពេល​ថត​និង​រៀបចំ​កាត់ត​រួច​ត្រូវ​លុប​ដី​ឱ្យ​ស្អាត​ទុក​ជូន​ម្ចាស់​ដើម​វិញ ហេតុនេះ​មិន​ច្បាស់​ថា​តើ​រូបភាព​ដែល​បាន​រចនា​ហើយ​អាច​រក្សា​ទុកឱ្យ​បងប្អូន​អ្នកទេសចរ​ជាតិ​និង​អន្តរជាតិ​បាន​មើល​យូរ​តទៅទៀត​ឬ​យ៉ាងណា​នោះទេ អ្វីដែល​ពួក​ខ្ញុំ​អាចធ្វើ​បាន​គឺ អភិវឌ្ឍ កែច្នៃ បង្កើត​របកគំហើញ​ថ្មី និង​ការពង្រីក​អាជីវកម្ម​ឱ្យ​កាន់តែ​រីកចម្រើន​និង​ល្អ​ជាង​មុន​។​

​បើតាម​ការបញ្ជា​ក់រប​ស់លោក តាន់ ម៉ូ​លី ដែលជា​អ្នក​រចនា​រូបភាព​ដែរនោះ បាន​អះអាងថា យើង​ទាំងពីរ​នាក់​ធ្លាប់ធ្វើ​កិច្ចការ​របៀបនេះ​ពីរ​បី​ឆ្នាំ​រួចមកហើយ គ្រាន់តែ​ផ្លាស់ប្តូរ​ទី​តាំងពី​ស្រុក​ឬ​ពី​ឃុំ​មួយ​ទៅ​ឃុំ​មួយ​ផ្សេងទៀត អាស្រ័យទៅលើ​ស្ថានភាព​ដី​ដែល​អំណោយផល​សម្រាប់​ការ​រ​ច​នា​រូបភាព​ឡើង មាន​រូប​ភាពជា​ផ្ទះ​សត្វ ផ្ទះ​មនុស្ស​នៅលើ​ដី ផ្ទះ​នៅក្រោម​ដី ជាដើម ព្រោះ​ការកែច្នៃ​រូបភាព​នេះ​វា​ខុសគេ ត្រូវការ​ដី​ប្រភេទ​ដីឥដ្ឋ មិនមាន​ល្បាយខ្សាច់​ឬ​ថ្ម​ទើប​អាច​រចនា​ឆ្លាក់​ចេញ​ជា​រូបភាព​បាន​រស់​រវើក​និង​ជាប់​បានយូរ ហើយ​ក្នុង​មួយ​រណ្តៅៗ​គឺ​ត្រូវ​ចំណាយពេល​ពីមួយ​ខែ​ទៅ​២​ខែ​ទើប​អាច​រួចរាល់ និង​ត្រូវការ​កម្លាំង​ពលកម្ម​ពី​៤​ទៅ​៩​នាក់ ដើម្បី​ជីក​ឆ្វៀល​ដី​ឱ្យចេញ​ជា​ទ្រង់ទ្រាយ​ទៅតាម​គម្រោង​ផែនការ​ខុសៗ​គ្នា ហើយ​រូបភាព​ទាំងអស់​មាន​ច្រើន​ទំរង់ រូប​ខ្លះ​រចនា​ឡើង​តាម​ទំរង់​ចម្លាក់​សិល្បៈ​បរទេស​ខ្លះ ទំរង់​បែប​ចម្លាក់​សិល្បៈ​ខ្មែរ​ខ្លះ មាន​បុរាណ​មាន​សម័យ ទៅតាម​ការ​រិះគិត​ចង់បាន​ធ្វើយ៉ាងណា​សំដៅ​ទាក់ទាញ​អ្នក​ចូល​មើល​ប្រ​ព័​ន្ឋ​យូ​ធ្យូ​ប​ឱ្យបាន​ច្រើន​។​

​លោក តាន់ ម៉ូ​លី បានបញ្ជាក់​ទៀតថា មហាជន​ទាំង​គ្រហស្ថ​និង​ព្រះសង្ឃ​ដែល​ស្រឡាញ់​វិស័យ​សិល្បៈ ដែល​បានមក​ទស្សនា​នៅទីនេះ ក៏បាន​សម្ដែង​ការសោកស្តាយ​ចំពោះ​ស្នាដៃ​ដែល​ខិតខំ​បង្កើតឡើង នៅពេលដែល​ពួកគាត់​ដឹងថា កសាង​រចនា​បាន​រូបភាព​ដ៍​រស់​រវើក ត្រូវបាន​ធ្វើការ​លុប​ទៅវិញ ដោយ​ពួកគាត់​សំណូមពរ​គួរតែ​ទុក​សម្រាប់​ជួយ​វិស័យ​ទេសចរណ៍​ក្នុងស្រុក​នេះ ព្រោះថា ទីតាំង​នេះ​នៅ​មិន​ឆ្ងាយ​ពីគ្នា នៃ​សហគមន៍​ទេសចរណ៍​ព្រៃកោងកាង​ទឹកសាប ដែល​កំពុង​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ទូទៅ ។​

​ពាក់ព័ន្ធ​នឹង​ចម្លាក់​ដី​នេះដែរ លោក ធៀង ណា​រិ​ទ្ឋ សមាជិក​ក្រុមប្រឹក្សាឃុំ​ចា​ន់ស បាន​សម្ដែង​នូវ​គាំទ្រ​ចំពោះ​សកម្មភាព​របស់​យុវជន​ទាំងពីរ ក្នុងការ​រចនា​និង​បង្កើត​នូវ​រូបភាព​សិល្បៈ​ប្លែកៗ​នេះ​ឡើង គឺ​ពិតជា​បង្ហាញ​ពី​សមត្ថភាព​ស្នាដៃ​កូន​ខ្មែរ​ចំពោះ​សិល្បៈ​ចម្លាក់ កើតឡើង​ដោយ​ទេពកោសល្យ​ច្នៃប្រឌិត និង​ក៏​ជាការ​ជួយ​ដល់​ប្រជាពលរដ្ឋ​មួយ​ចំ​នួ​តូច​ក្នុង​មូលដ្ឋាន​ឱ្យមាន​ការងារ​ធ្វើ ទទួលបាន​ប្រាក់កម្រៃ​ចៀសវាង​ការធ្វើ​ចំណាកស្រុក​រក​ការងារ​ធ្វើ ដូច្នេះ​ក្នុងនាម​សមាជិក​ក្រុមប្រឹក្សាឃុំ លោក​សន្យាថា​នឹង​ជួយ​សហការ​សម្របសម្រួល​បង្ក​ការងាយស្រួល​ដល់​ក្រុមការងារ​គាត់ ក៍​ដូចជា​អ្នកទេសចរ​ដែល​មកកាន់​ទីនេះ ដោយ​ផ្តល់​កម្លាំង​ប្រជា​ការពារ​ឱ្យជួយ​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​តាម​គោលដៅ​នៅទីនេះ និង​ជួយ​រៀប​ចំណតរថយន្ត​ចំណត​ម៉ូតូ​ដើម្បី​យក​ថវិកា​ចែកជូន​កម្លាំង​ការពារ​នៅទីនេះ​៕

 

​ប្រភពពី​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close