ភ្នំស្រះខ្ចៅ ស្ថិតនៅខេត្តកំពង់ធំ! រីឯអាយុកាលចាស់ជាងប្រាសាទអង្គរវត្តទៀត
ភ្នំស្រះខ្ចៅ ជាប្រភេទថ្មភក់ មានប្រាសាទមួយអាយុកាលចាស់ជាងប្រាសាទអង្គរវត្តត្រូវបានកសាងនៅលើភ្នំនេះ។ តួប្រាសាទបាក់បែកអស់ តែនៅមានសសរពេជ្រ ផ្ដែរ បល្ល័ង្ក និងបំណែកដៃរូបចម្លាក់ព្រះវិស្ណុ ឬព្រះឥសូរ។ មានសសរធ្វើពីថ្មបុរាណសម្រាប់ដាក់អមសងខាងផ្លូវចូលទៅ ប្រាសាទជាច្រើនដើម ដួលដេកលើដីចម្ងាយប្រមាណ ២០ម៉ែត្រ តាមផ្លូវពីប្រាសាទទៅស្រះខ្ចៅ។

ប្រាសាទស្រះខ្ចៅ ត្រូវបានកសាងនៅចំណុចខ្ពស់ជាងគេបំផុតនៃកំពូលភ្នំ។ ខឿនប្រាសាទមានពីរជាន់៖ ជាន់ក្រោមទំហំប្រមាណ ៣០ម៉ែត្របួនជ្រុង និងជាន់ទី២ ទំហំប្រមាណ ១៥ម៉ែត្រ បួនជ្រុង។ បច្ចុប្បន្ននេះ ឃើញមានរូបពុទ្ធបដិមាជាច្រើនអង្គនៅពីលើតួប្រាសាទដែលបែកបាក់។ ស្រះខ្ចៅស្ថិតនៅចម្ងាយ៤០០ម៉ែត្រពីប្រាសាទ។ តាមផ្លូវបុរាណតភ្ជាប់ពីប្រាសាទទៅស្រះ មានផ្ទាំងសិលា ដើមឈើធំៗ ទេសភាពស្អាតជាទី មនោរម្យសម្រាប់អ្នកដើរកំសាន្ត។ ពិតជារំសាយអស់ទុក្ខកង្វល់ និងមានអារម្មណ៍ស្រស់ថ្លា។

អ្នកអាចចំណាយពេលជាមួយមនុស្សដែលអ្នកស្រលាញ់ដើម្បីផ្តិតយករូបភាពទីតាំងប្រវត្តិសាស្ត្រ វប្បធម៌ និងធម្មជាតិនៅទីនោះ។ តែសូមកុំភ្លេចយកអាហារ និងភេសជ្ជៈទៅជាមួយ ហើយកុំភ្លេចយកសំរាមមកវិញផង។ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ក្រុមការងារបានឃើញមានភ្ញៀវបរទេសបោះតង់ប្រមាណ០៥តង់ នៅចម្ងាយប្រមាណ៥០ម៉ែត្រពីខឿនប្រាសាទ។

ភ្នំស្រះខ្ចៅ ស្ថិតនៅខេត្តកំពង់ធំ នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចបង្គោលថ្មលេខ ១៤៦ មានក្លោងទ្វារវត្តត្បែងមានឬទ្ធិ ហើយបត់ចូល និងបន្តដំណើរតាមផ្លូវដីក្រហម ប្រមាណ ៦គីឡូម៉ែត្រពីក្លោងទ្វារវត្តអ្នកនឹងទៅដល់ក្លោងទ្វារចូល ប្រាសាទស្រះខ្ចៅ។
ពុទ្ធសាសនិកជនបានចូល បច្ច័យតាមសទ្ធាដើម្បីកសាងផ្លូវក្រាលបេតុងសម្រាប់ឡានឡើងទៅដល់ខឿនប្រាសាទ៕

ប្រភព៖ Heritages Dairy-បេតិកភណ្ឌប្រចាំថ្ងៃ
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។