កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ មហាសន្និបាតសមុទ្រអាស៊ីបូព៌ា និងវេទិកាថ្នាក់រដ្ឋមន្ត្រីលើកទី៧

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពប្រកាសបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «លទ្ធផលនៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅសមុទ្រអាស៊ីបូព៌ា (SDS-SEA)នៅកម្ពុជា» កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងឲ្យដឹងថា «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតដ៏ខ្ពង់ខ្ពស់ទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំមហាសន្និបាតសមុទ្រអាស៊ីបូព៌ា ឆ្នាំ២០២១ និងវេទិកាថ្នាក់រដ្ឋមន្ត្រីលើកទី៧ នៃភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ ដោយកំណត់យកខេត្តព្រះសីហនុ ជាទីតាំងប្រារព្ធពិធី ហើយសម្តេចតេជោនាយករដ្ឋមន្ត្រីនឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកព្រឹត្តិការណ៍នេះផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា វេទិការៀបចំឡើងនៅថ្ងៃនេះ គឺស្ថិតនៅក្រោមគម្រោងស្តីពីការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅសមុទ្រអាស៊ីបូព៌ា ដែលមានរយៈពេល៥ឆ្នាំ ហើយត្រូវបានអនុវត្តន៍តាំងពីឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០១៩ ដោយទទួលបានការគាំទ្រថវិកាពីមូលនិធិបរិស្ថានពិភពលោក (Global Environment Facility-GEF) និងសម្របសម្រួលបច្ចេកទេសដោយអង្គការ PEMSEA។ ដោយសារបញ្ហានៃការអនុវត្តត្រូវបានពន្យារពេល ក៏ដូចជាបញ្ហាជំងឺកូវីដ-១៩ គម្រោងនេះ ត្រូវបានពន្យារពេលរយៈពេល១ឆ្នាំ រហូតដល់ឆ្នាំ២០២០។

គម្រោងនេះ ត្រូវបានអនុវត្តន៍រួមគ្នារវាងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ខេត្តជាប់នឹងតំបន់ឆ្នេរ និងសមុទ្រចំនួន៤ គឺខេត្តកំពត ខេត្តកែប ខេត្តកោះកុង និងខេត្តព្រះសីហនុ ដោយផ្តោតលើទិដ្ឋភាពគោលនយោបាយ និងយន្តការស្ថាប័ន ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ការការពារជម្រក និងការស្តាជលផល និងការកាត់បន្ថយហាការបំពុលបរិស្ថាន និងការគ្រប់គ្រងសំណល់ទីក្រុង និងសំណល់សមុទ្រ។

សូមបញ្ជាក់ថា គម្រោងស្តីពីការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅសមុទ្រអាស៊ីបូព៌ា សម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់រួមមាន៖១)ការបោះពុម្ពផ្សាយនូវរបាយការណ៍ជាតិស្តីពី ស្ថានភាពតំបន់ឆ្នេរ និងមហាសមុទ្រ នៃប្រទេសកម្ពុជា (National State of Ocean and Coast-NSOC) ដែលជារបាយការណ៍ដំបូងដែលវិភាគលើស្ថានភាព និងការគំរាមកំហែងធនធាន និងបរិស្ថានសមុទ្រ និងការផ្តួចផ្តើមឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចពណ៌ខៀវ (Blue Economy)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។