ប្រឆាំងដាច់ខាតរាល់ការជួញដូរលើកុមារ តាមគ្រប់ទម្រង់ និងគ្រប់រូបភាព!

ភ្នំពេញ៖ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានសហការជាមួយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះប្រតិបត្តិការបង្ក្រាប និងទទួលកុមាររងគ្រោះ ដោយអំពើជួញដូរកម្លាំងពលកម្មកុមារចំនួន ៧នាក់ (កុមារី២នាក់) ដែលក្នុងនោះកម្លាំងមានសមត្ថកិច្ចបានអនុវត្តតាមនីតិវិធីលើជនសង្ស័យចំនួន០១ រូបភេទស្រីអាយុ៧៦ឆ្នាំ បទជួញដូរកម្លាំងពលកម្មកុមារ ញុះញ៉ុងឲ្យកុមារប្រកបមុខរបរសុំទាន កេងប្រវ័ញ្ចយកផលប្រយោជន៍ពីកុមាររងគ្រោះនិងងាយរងគ្រោះ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ដោយឡែកសម្រាប់កុមាររងគ្រោះត្រូវបានបញ្ជូនមកមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទារាជធានីភ្នំពេញ។ ក្នុងនាមមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ អង្គការសង្គមសីវិល ដែលជាអង្គការដៃគូ ក្នុងការផ្ដល់នូវកិច្ចសហការគ្នាបានល្អ។ បច្ចុប្បន្នកុមាររងគ្រោះបាននិងកំពុង បានផ្ដល់កិច្ចសហការក្នុងការចង្អុលបង្ហាញជនសង្ស័យពាក់ព័ន្ធនិងការកេងប្រវ័ញ្ចខាងលើដើម្បីអនុវត្តតាមនីតិវិធី។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធី។ចំណែកកុមាររងគ្រោះទាំង០៧នាក់កំពុងទទួលបាននៅការផ្ដល់ការស្នាក់នៅថែទាំបណ្ដោះអាសន្ននិងផ្តល់សេវាផ្លូវច្បាប់ តាមរយៈអង្គការដៃគូរសហប្រតិបត្តិការ នៅរាជធានីភ្នំពេញផងដែរ។
ក្នុងនោះផងដែរលោកស្រីប្រធានមន្ទីរស អ យ រាជធានីភ្នំពេញក៏បានជួបពិភាក្សាជាមួយអង្គការដៃគូរនិង អស់លោកលោកស្រីដែលជាអាណាព្យាបាលរបស់កុមាររងគ្រោះ ដើម្បីពិនិត្យលើស្ថានភាពជាក់ស្ដែងនិងការរស់នៅរបស់កុមារក្នុងគ្រួសារនៅតាម សហគមន៍ផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។