ឯកឧត្តម ស៊ុន ចាន់ថុល ជំរុញកែលម្អការផ្ដល់សេវាសាធារណៈគ្រប់ប្រភេទ

កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ នៅសាលាខេត្តឧត្ដរមានជ័យ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក និងកម្មករ នៃមន្ទីរសាធារណ ការ និងដឹកជញ្ជូនខេត្តឧត្ដរមានជ័យ ដោយមានការចូលរួមពីឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អភិបាលនៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងកម្មកនៃមន្ទីរសាធារណការ និងដឹកជញ្ជូន ប្រមាណ១០០នាក់។

ថ្លែងក្នុងពិធីសំណេះសំណាលនាឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធីអំពីសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលកើតចេញពីកត្តាសុខសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានជម្រាបជូនអំពីសកម្មភាពបន្តអនុវត្តគម្រោង ក៏ដូចជាបន្តការចរចារជាមួយ ក្រុមហ៊ុនសាងសង់ និងដៃគូអភិវឌ្ឍន៍លើការពង្រីក និងលើកកម្ពស់គុណភាពផ្លូវនានា ទោះបីស្ថិតក្នុងសា្ថនភាពកូវីដ-១៩ក៏ដោយ។
ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរអំពីគោលការណ៍សាងសង់ផ្លូវឱ្យបានរឹងមាំ ប្រើប្រាស់ជាប់បានយូរ ពោលគឺមិនមែនធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ ឬចាក់ស្ដើងស៊ីក្រាស់ ចាក់ក្រាស់ស៊ីស្ដើងឡើយ។ គោលការណ៍នេះត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតតាមរយៈការប្រើប្រាស់យន្តការចុះពិនិត្យឱ្យបានដិតដល់ ការបង្កើតក្រុមត្រួតពិនិត្យពិសេសតាមដានរាល់ការសាងសង់របស់ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេស ដើម្បីឱ្យក្រុមហ៊ុនសាងសង់អនុវត្តឱ្យបានជាដាច់ខាតតាមលក្ខណៈ បច្ចេកទេស និងតាមកិច្ចសន្យា។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរុញឱ្យមន្ត្រីក្រោមឱវាទបន្តអនុវត្តការកែទម្រង់ស៊ីជម្រៅរបស់ក្រសួង តាមរយៈការពង្រឹង និងកែលម្អការផ្ដល់សេវាសាធារណៈគ្រប់ប្រភេទឱ្យកាន់តែប្រសើរថែមទៀត ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវពាក្យស្លោក “ធ្វើឱ្យបាន ធ្វើឱ្យឆាប់ និងធ្វើឱ្យមានតម្លាភាព” ដើម្បីផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងបន្តអនុវត្តច្បាប់ និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតក្នុងការទប់ស្កាត់ការដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ (បើខ្វះរថយន្តឆៀកចល័តត្រូវស្នើសុំ) គ្រប់គ្រងយានដ្ឋានជួសជុលកែច្នៃរថយន្ត និងការកែច្នៃយានយន្តខុសពីលក្ខណៈបច្ចេកទេសឱ្យបានជាដាច់ខាត។
ឆ្លើយតបទៅនឹងសំណូមពររបស់ឯកឧត្ដមអភិបាល នៃគណៈអភិបាលខេត្តទាក់ទងនឹងផ្លូវ ដែលមានជង្ហុកសំបុកមាន់ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានណែនាំក៏ដូចជាលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ និងប្រជាពលរដ្ឋទាំងអស់ដំឡើងកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) នៅលើទូរសព្ទស្មាតហ្វូនរបស់បងប្អូន ថតរូបភាពផ្លូវជង្ហុកសំបុកមាន់ រួចផ្ញើទៅក្រុមការងារទទួលបន្ទុក ដើម្បីឱ្យក្រុមការងារបានជួសជុលទាន់ពេលវេលា ជៀសវាងការខូចរីករាលដាលកាន់តែធំ ចំណាយកាន់តែច្រើន។
ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានឆ្លើយតប និងទទួលយកនូវសំណូមពរដែលលើកឡើងដោយមន្ទីរសាធារណការ និងដឹកជញ្ជូន ទៅធ្វើការពិចារណាស្វែងរកដំណោះស្រាយជូនតាមលទ្ធភាព និងបានបំពាក់មេដាយជូនមន្ត្រីឆ្នើម និងបានឧបត្ថម្ភថវិកាដល់មន្ត្រីរាជការ បុគ្គលិក និងកម្មករនៃមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ ដោយក្នុងម្នាក់ៗទទួលបានទឹកប្រាក់ចំនួន ៥០.០០០ រៀល (ប្រាំម៉ឺនរៀល)។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំមន្ត្រីរាជការ បុគ្គលិក និងកម្មករ នៃមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្តឱ្យថែរក្សាសុខភាពអនាម័យខ្លួនប្រាណ កាត់បន្ថយការជួបជុំមិនចាំបាច់ និងរក្សាគម្លាតសុវត្ថិភាពដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាជំងឺឆ្លងដ៏កាចសាហាវ ហើយពុំទាន់មានថ្នាំបង្ការ ឬទប់ស្កាត់នៅឡើយ។
លើសពីនេះទៅទៀត ឯកឧត្ដមទេសរដ្ឋមន្ត្រី ក្រើនរំលឹកមន្ត្រីទាំងអស់ឱ្យអនុវត្តតាមអនុសាសន៍១១ ចំណុចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីឱ្យបានខ្ជាប់ខ្ជួន ជាពិសេសរឿងនិទានមន្ត្រីគ្រាប់ល្ពៅ ក្នុងនោះ៖ មន្ត្រីគ្រាប់ល្ពៅប្រភេទទី១ បានទូលព្រះអង្គថា៖ គ្រាប់ល្ពៅដែលព្រះអង្គប្រទានគឺផ្លែល្អណាស់ ហើយបានដឹកមកថ្វាយព្រះអង្គរដែរ តែត្រូវកងការពារព្រះរាជវាំងមិនឱ្យចូល។ មន្ត្រីប្រភេទទី២ បានទូលព្រះអង្គ ថា៖ គ្រាប់ល្ពៅដែលព្រះអង្គប្រទានគឺផ្លែល្អណាស់ តែអត់បានដឹកមកនោះទេ។ មន្ត្រីប្រភេទទី៣ បានទូលព្រះអង្គថា៖ គ្រាប់ល្ពៅដែលព្រះអង្គប្រទានត្រូវកណ្តុរស៊ីអស់ អត់បានដាំទេ និងមន្ត្រីប្រភេទទី៤ បានទូលព្រះអង្គដោយត្រង់ៗថា៖ គ្រាប់ល្ពៅដែលព្រះអង្គប្រទានគឺជាគ្រាប់ល្ពៅស្ងោរ មិនអាចដាំដុះបានទេ។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ ហាមដាច់ខាត មិនត្រូវធ្វើជាមន្ត្រីគ្រាប់ល្ពៅប្រភេទទី១ ជាដាច់ខាត។
ជាទីបញ្ចប់ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានថ្លែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែងបំពេញការងាររបស់មន្ត្រីរាជការ បុគ្គលិក និងកម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ព្រមទាំងបានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់បន្តវប្បធម៌សាមគ្គីសហការ ស្ដាប់ការណែនាំរបស់រដ្ឋបាលខេត្ត និងសហការជាមួយមន្ទីរពាក់ព័ន្ធ ដើម្បីអនុវត្តផែនការរបស់ខ្លួនឱ្យទទួលបានលទ្ធផលជាផ្លែផ្កាខ្ពស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។