គ្រឿងយន្ត​កសិកម្ម​ជាច្រើន​គ្រឿង ត្រូវបាន​ប្រគល់ជូន​ឯកឧត្តម វេ​ង សាខុន​

​ភ្នំពេញ​៖ នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ព្រឹក​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០២០ មាន​រៀបចំ​ពិធី​ប្រគល់​-​ទទួល​គ្រឿងយន្ត​កសិកម្ម ដែលជា​អំណោយ​របស់​ក្រុមហ៊ុន Zoomlion Heavy Industry and Technology Co., Ltd ប្រគល់ជូន​ឯកឧត្តម វេ​ង សាខុន ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

​មានប្រសាសន៍​នាឱកាស​នេះ ក្នុងនាម​ឲ្យ​រាជរដ្ឋាភិបាល និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​ក្រុមហ៊ុន ដែល​បាន​ជំនួយ​ឧបត្ថម្ភ​ជា​គ្រឿងយន្ត សម្រាប់​បម្រើ​ឲ្យ​វិស័យ​កសិកម្ម ដែលជា​ផ្នែក​មួយ​ជួយ​ជំរុញ​ការអភិវឌ្ឍ​អនុវិស័យ​ផលិតកម្ម​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​។

​ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ចិន ដែល​បាន​ជួយ​ជំរុញ និង​បើកផ្លូវ​ឲ្យ​ក្រុមហ៊ុន​ចិន​ធំៗ​មក​វិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ដែល​ការវិនិយោគ​នេះ​ជា​ផ្នែក​មួយ​យ៉ាងសំខាន់​ដល់​ការអភិវឌ្ឍ​វិស័យនេះ​ឲ្យ​រីកចម្រើន​ទាំង​ពេលបច្ចុប្បន្ន ក៏ដូចជា​ពេលអនាគត ហើយ​លោក​សង្ឃឹម និង​ជឿជាក់​ក្រុមហ៊ុន​នឹង​ជួយ​ផ្គត់ផ្គង់​គ្រឿងយន្ត​កសិកម្ម​គ្រប់​ប្រភេទ​ក្នុងតម្លៃ​សមរម្យ​អាច​ទទួលយកបាន​។​

​សូម​ជ​ញ្ជា​ក់​ជូន​ថា គ្រឿងយន្ត​កសិកម្ម​ដែល​ទទួលបាន​មាន​៖ ត្រាក់ទ័រ ៣​គ្រឿង គ្រឿងយន្ត​ប្រមូល​ពោត ១​គ្រឿង យន្ត​រាស់​ដី ១​គ្រឿង យន្ត​ដាំ​គ្រាប់ ២​គ្រឿង យន្ត​សាប​គ្រាប់​២ Droon១​គ្រឿង យន្ត​សណ្តោង​១ និង​Round Baker២៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close