ថៃ រកឃើញ​ករណី​ឆ្លង​កូ​វីដ​១៩​ជាថ្មី លើ​អ្នក​សេព​គ្រឿងញៀន

​ថៃ​៖ កាលពី​ម្សិលមិញ ថៃ​បាន​រាយការណ៍​ពី​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​ក្នុងស្រុក​ជាថ្មី បន្ទាប់ពី​គ្មាន​ឆ្លង​បែបនេះ ជាង​១០០​ថ្ងៃ​មកហើយ​នោះ​។​ ​មន្ត្រី​សុខាភិបាល​បានបញ្ជាក់​កាលពី​ថ្ងៃទី​៣ កញ្ញា​ថា ករណី​ថ្មី​នេះ​គឺជា​បុរស​ម្នាក់ ទើប​ត្រូវបាន​ចាប់ឃុំខ្លួន​នៅ​ពន្ធនាគារ នៅក្នុង​រាជធានី​បាងកក​។​

​បុរស​វ័យ​៣៧​ឆ្នាំ​រូបនេះ​បាន​តេស្ត​ថា​រកឃើញ​ផ្ទុក​ជំងឺ​កូ​វីដ​១៩ កាលពី​ថ្ងៃ​ពុធ ក្នុងពេល​ធ្វើតេស្ត​ប្រចាំ​សប្តាហ៍ ហើយ​អ្នកជំងឺ​ម្នាក់នេះ​មិនបាន​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស ឬក៏​មាន​ទំនាក់ទំនង​ជិតស្និត​ជាមួយ​អ្នកជំងឺ​កូ​វីដ​១៩​ផ្សេង​ណា​ទេ​។ អ្នកជំងឺ​ត្រូវបាន​ចាប់ខ្លួន ទាក់ទង​នឹង​ការប្រើប្រាស់​គ្រឿងញៀន កាលពី​ថ្ងៃទី​២៩ សីហា ហើយ​មាន​ប្រ​វ​តិ្ថ​ធ្លាប់​ធ្វើការ​ជា DJ នៅ​ក្លឹប​រាត្រី​។ បច្ចុប្បន្ន​ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល ខណៈដែល​អ្នកទោស​ផ្សេងៗ​ទៀត​ប៉ះពាល់​ផ្ទាល់​ជាមួយ ត្រូវបាន​នាំទៅ​កន្លែង​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​។​

​សូមបញ្ជាក់ថា ករណី​ថ្មីៗ​នៃ​ជំងឺ​កូ​វីដ​១៩​នៅ​ប្រទេស​ថៃ ប្រមាណ​៣​ខែ​មកនេះ​សុទ្ធតែជា​ករណី​នាំចូល រកឃើញ​ក្រោយ​ការធ្វើ​ច​ត្តា​ឡី​ស័ក​។ នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា កាលពី​ថ្ងៃ​ពុធ បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​ការ​គ្មាន​ឆ្លង​ក្នុង​សហគមន៍​១០០​ថ្ងៃ ស្រាប់​តែមាន​ការឆ្លង​ក្នុងស្រុក​ជាថ្មី ដូច​បាន​រៀបរាប់​ខាងលើនេះ​។​ ​ថៃ​មាន​ករណី​កូ​វីដ​១៩ ជាង​៣​ពាន់​នាក់ ស្លាប់​៥៨​នាក់ បច្ចុប្បន្ននេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close