សម្តេចតេជោ ហ៊ុន សែន សម្រេចកញ្ចប់ថវិកា ១៥០លានដុល្លារ កសាងផ្លូវ៣៨ខ្សែ ក្នុងទីរួមខេត្តសៀមរាប

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០នេះ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថានឹងផ្តល់កញ្ចប់ថវិកាចំនួន ១៥០លានដុល្លារ សម្រាប់អភិវឌ្ឍន៍កសាងផ្លូវនៅក្នុងទីរួមខេត្តសៀមរាប។ ទោះបីពេលនេះប្រទេសជាតិយើងកំពុងប្រឈមនឹងជំងឺកូវីដ១៩ ក៏ដោយ ក៏មិនបានធ្វើអោយប៉ះពាល់ដល់ការអភិវឌ្ឍន៍ប្រទេសជាតិឡើយ។

សូមបញ្ជាក់ផងដែរ ហេដ្ឋារចនាសម្ព័ន្ធផ្លូវតូចធំដែលមានចំនួន ៣៨ ខ្សែ ដែលគ្រោងនឹងសាងសង់នៅក្នុងទីរួមខេត្តនេះនឹងជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិនៅក្រោយជំងឺកូវីដ១៩។
ជាមួយគ្នានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រីនឹងផ្តល់កិត្តយសក្នុងពិធីបើកការដ្ឋានសាងសង់នេះ ហើយសង្ឃឹមថានៅចុងឆ្នាំ២០២១ យើងនឹងមានផ្លូវស្អាតក្នុងទឹកដីអង្គរអច្ឆរិយៈនេះ។
ក្នុងនាមរដ្ឋបាលខេត្តសៀមរាប និងបងប្អូនប្រជាពលរដ្ឋសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ នាយករដ្ឋមន្ត្រីដែលតែងតែគាំទ្រក្នុងការអភិវឌ្ឍក្នុងខេត្តសៀមរាប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។