Facebook នឹងឈប់ការផ្សាយពាណិជ្ជកម្មនយោបាយ មុនការបោះឆ្នោតប្រធានាធិបតីអាមេរិក

អាមេរិក៖ ក្រុមហ៊ុន Facebook គ្រោងបញ្ឈប់ការផ្សាយពាណិជ្ជកម្មនយោ បាយនៅមួយសប្តាហ៍ មុនការបោះឆ្នោតប្រធានាធិបតីអាម៉េរិកនៅថ្ងៃទី០៣ ខែវិច្ឆិកាខាងមុខ នេះបើតាមសារព័ត៌មានរ៉យទ័រនៅយប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០។

នាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg បានសរសេរសារបង្ហោះថា ខ្ញុំមានការព្រួយបារម្ភថា ប្រជាជាតិរបស់យើងហាក់កំពុងមានការប្រេះឆា ហើយលទ្ធផលនៃការបោះឆ្នោត អាចនឹងត្រូវចំណាយពេលច្រើនថ្ងៃ ឬរហូតដល់ច្រើនសប្តាហ៍ ទើបសម្រេចបាន។ ជាមួយគ្នានេះ វាអាចមានហានិភ័យខ្ពស់ នៃការផ្ទុះឡើងនូវភាពចលាចលនៅទូទាំងប្រទេសទៀតផង ។
បើតាមក្រុមហ៊ុន Facebook ខ្លួនកំពុងរៀបចំបង្កើតសញ្ញាដាស់តឿន Label សម្រាប់ភ្ជាប់ជាមួយ Post ដែលបេក្ខជន ឬយុទ្ធនាការបោះឆ្នោតណា ដែលព្យាយាមប្រកាសយកជ័យជម្នះ មុនពេលលទ្ធផលបោះឆ្នោតផ្លូវការត្រូវបានប្រកាស ហើយនឹងពង្រីកលក្ខណៈវិនិច្ឆ័យសម្រាប់ខ្លឹមសារ ដែលត្រូវលុបចេញ ព្រោះត្រូវចាត់ទុកជាខ្លឹមសារជំរុញមិនឲ្យប្រជាជនបោះឆ្នោត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។