បាតុកម្ម​ប្រឆាំង​ការរើសអើង​ជាតិ​សាសន៍ ក្នុង​ទឹកដី​អាមេរិក​នៅតែ​បន្ត​

​អាមេរិក​៖ បាតុកម្ម​ប្រឆាំង​ការរើសអើង​ជាតិ​សាសន៍​នៅ​អាមេរិក អូសបន្លាយ​រយៈពេល​១០០​ថ្ងៃ​កន្លងមកហើយ ដោយ​បាតុកម្ម​នៅ​តំបន់​ជាច្រើន ក្នុង​ទឹកដី​អាមេរិក​ក៏មាន​អំពើហិង្សា​កើតឡើង​។​

​ក្រុមបាតុករ​នៅ​ទីក្រុង Portland រដ្ឋ Oregon បាន​គប់​ដុំថ្ម ដប​សាំង​ទៅលើ​កម្លាំង​ប៉ូលិស ក្នុង​យប់​ថ្ងៃទី​១០០ នៃ​ការធ្វើ​បាតុកម្ម​ប្រឆាំង​ការរើសអើង​ជាតិ​សាសន៍​។ ប៉ូលិស​ទីក្រុង Portland បាន​ឲ្យ​ដឹងថា អំពើហិង្សា​បានកើត​ឡើង​នៅ​យប់​ថ្ងៃទី​៥​ខែកញ្ញា (​ពេលវេលា​អាមេរិក​) នៅ​Southeast Stark ក្នុង​ទីក្រុង​ខាងលើ​។​

​ប៉ូលិស​ទីក្រុង Portland បានប្រកាស​នៅលើ​បណ្តាញ​សង្គម Twitter នៅ​ថ្ងៃទី​៦​ខែកញ្ញា​ថា «​ក្រុមបាតុករ បាន​គប់​ដប​សាំង​ទៅលើ​កម្លាំង​ប៉ូលិស ប៉ុន្តែ​ដាប់​សាំង​នោះ​បែ​ទៅ​ចំបាករ​ទៅវិញ បណ្តាល​ឲ្យ​មាន​អ្នករងរបួស​។ កម្លាំង​ប៉ូលិស​បាន​ព្យាយាម​រក្សា​សន្តិសុខ​សណ្តាបធ្នាប់​។​

​ទីក្រុង Portland បាន​ឆ្លងកាត់​ការធ្វើ​បាតុកម្ម​រយៈពេល​១០០​ថ្ងៃ​កន្លងមក​ប្រឆាំង​និង​ការរើសអើង​ជាតិ​សាសន៍ និង​ការប្រើ​អំពើហិង្សា​ពី​កម្លាំង​ប៉ូលិស​។ មាន​បាតុកម្ម​ជាច្រើន​កើតឡើង​ដោយ​សន្តិវិធី ប៉ុន្តែ​ក្រោយមក ក៏​ក្លាយជា​អំពើហិង្សា​។​

​ការធ្វើ​បាតុកម្ម ប្រឆាំង​ការរើសអើង​ជាតិ​សាសន៍​កើតឡើង​ទូទាំង​អាមេរិក តាំងពី​ចុងខែ​ឧសភា ក្រោយ​ការស្លាប់​ជនជាតិ​ស្បែក​ខ្មៅ​ឈ្មោះ​George Floyd ត្រូវ​ប៉ូលិស​នៅ​ទីក្រុង Minneapolis សង្កត់ក រហូតដល់​ស្លាប់​។ តាំងពី​ពេលនោះ​មក មាន​បាតុកម្ម​កើត​ឡើងជា​បន្តបន្ទាប់​ប្រឆាំង​ការរើសអើង​ជាតិ​សាសន៍​ពី​សំណាក់​កម្លាំង​ប៉ូលិស​៕


​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close