កម្ពុជា នៅសល់​អ្នកជំងឺ​កូ​វីដ​១៩​ម្នាក់ទៀត​ប៉ុណ្ណោះ ដែល​កំពុង​សម្រាក​ព្យាបាល​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០២០​នេះ បានប្រកាស​មាន​ករណី​ជាសះស្បើយ​អ្នកជំងឺ​កូ​វីដ​១៩ ម្នាក់​ថ្មី​ទៀតហើយ តែ​មិនមាន​រកឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី​នោះឡើយ ហើយ​សល់​អ្នកជំងឺ​ម្នាក់ទៀត​ប៉ុណ្ណោះ ដែល​កំពុង​សម្រាក​ព្យាបាល​។​

​ក្រសួង បាន​បញ្ជាក់ថា ករណី​ជាសះស្បើយ​នេះ ជា​បុរស​ជនជាតិ​បារាំង អាយុ​៣០​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ផ្លូវ​២៩៤ រាជធានី​ភ្នំពេញ ជា​អ្នកធ្វើដំណើរ​មកពី ប្រទេស​បារាំង បន្ត​ជើងហោះហើរ​នៅ​ប្រទេស​ចិន (​តៃវ៉ាន់​) មកដល់​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី ៣០ ខែសីហា ឆ្នាំ​២០២០ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន​០២​ដង និង​ត្រូវបាន​អនុញ្ញាតឱ្យ ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០២០ នៅ​កម្ពុជា​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​២៧៤​នាក់ (​ស្រី្ត ៥៤​នាក់ និង​បុរស ២២០​នាក់​) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ សរុប​ទូទាំងប្រទេស មាន​ចំនួន ២៧៣​នាក់ (​ស្ត្រី​៥៤​នាក់ និង​បុរស ២១៩​នាក់​) និង អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន​០១​នាក់ ជា​បុរស​ត្រូវបាន​បញ្ជូន​មកពី​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​វិញ​៕

​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close