ផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត បើកក្នុងល្បឿន១២០គីឡូម៉ែត្រ ក្នុង១ម៉ោង

ភ្នំពេញ៖ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នៅ ឯទីស្ដីការក្រសួង ឯកឧត្តម សូរ វិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យនិងពិភាក្សាលើរបាយកាណ៍ស្តីពីលទ្ធផលនៃការសិក្សាបច្ចេកទេសនៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត ដែលលើកឡើងដោយក្រុមហ៊ុនChina Railway International Group Co., Ltd ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ។

យោងតាមរបាយការណ៍សិក្សារបស់ក្រុមហ៊ុន បានបង្ហាញថា គម្រោងសាងសង់ផ្លូវនេះមានបីជម្រើស ផ្អែកតាមទីតាំងភូមិសាស្ត្រនិងផលប៉ះពាល់ ជាផ្លូវរចនាឡើងសម្រាប់ល្បឿនលឿនបំផុតត្រឹម១២០គីឡូ ម៉ែត្រក្នុងមួយម៉ោងស្របតាមអនុស្សរណៈយោគយល់រវាងកម្ពុជា និងវៀតណាម។
ឯកឧត្ដមរដ្ឋលេខាធិការ បានឱ្យដឹងថា ក្រសួងក៏ដូចជារាជរដ្ឋាភិបាលត្រូវការសិក្សាពិនិត្យឱ្យបានគ្រប់ ជ្រុងជ្រោយលើជម្រើសផ្លូវទាំងបីនេះ មុននឹងធ្វើការសម្រេចថាតើត្រូវជ្រើសរើសយកជម្រើសផ្លូវមួយណា ជាពិសេស ក្រសួងរង់ចាំលទ្ធផលរបាយការណ៍សិក្សាផ្នែកហិរញ្ញវត្ថុពីក្រុមហ៊ុននៅពាក់កណ្ដាលខែតុលា ឆ្នាំ២០២០ខាងមុខនេះ ដើម្បីយកជាមូលដ្ឋានក្នុងការសម្រេចចិត្ត។
ឯកឧត្ដមរដ្ឋលេខាធិការ បានស្នើឱ្យភាគី និងស្ថាប័នពាក់ព័ន្ធ បន្តចូលរួមកិច្ចប្រជុំប្រចាំខែលើការពិនិត្យ វឌ្ឍនភាពគម្រោងនេះ ដើម្បីផ្ដល់កិច្ចសហការ និងជួយដោះស្រាយនូវបញ្ហាមួយចំនួនដែលក្រុមហ៊ុនមិន អាចដោះស្រាយបានសំដៅឱ្យគម្រោងនេះមានដំណើរការរលូន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។