ក្រោយ​ចិន ចោទប្រកាន់​កងទ័ព​ឥណ្ឌា​ចេញមុខ​ច្រានចោល ពាក់ព័ន្ធ​ការរំលោភ​កិច្ចព្រមព្រៀង​

​ចិន​៖ កន្លងមក​ចិន​បាន​ចោទប្រកាន់ កម្លាំង​ទាហាន​ឥណ្ឌា​បាន​បាន​បង្ក​ឲ្យ​មានការ​ប្រឈមមុខ​តានតឹង កាន់តែខ្លាំង​នៅ​តំបន់​ព្រំដែន​មាន​វិវាទ ដោយ​កងទ័ព​ឥណ្ឌា រំលោភ​កិច្ចព្រមព្រៀង ។​

​កងទ័ព​ឥណ្ឌា​នៅ​ថ្ងៃ​អង្គារ​នេះ​បានប្រកាស​ច្រានចោល​ការចោទប្រកាន់រ​បស់​ចិន​ដែលថា ខ្លួន​បាន​បំពាន​កិច្ចព្រមព្រៀងទ្វេភាគី ហើយ​ឥណ្ឌា​បាន​វាយបក​វិញ​ថា គឺ​កងទ័ព​ចិន​ទៅវិញ​ទេ ដែល​នៅតែ​បន្តធ្វើ​សកម្មភាព​បង្ករឿង និង​បាន​បាញ់​ព្រមាន​ទៅលើ​អាកាស ក្នុងពេល​កំពុង​ប្រឈមមុខ​ដាក់គ្នា ជាមួយ​កងទ័ព​ឥណ្ឌា នៅតាម​បណ្តោយ​ព្រំដែន​មាន​ជម្លោះ​កាលពី​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​នេះ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​រសៀល​ថ្ងៃ​អង្គារ ទី​៨ ខែកញ្ញា ឆ្នាំ​២០២០​។​

​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ចិន​បាន​ចោទប្រកាន់​កងទ័ព​ឥណ្ឌា​ថា បាន​រំលោភ​លើ​កិច្ចព្រមព្រៀងទ្វេភាគី និង​បាន​បាញ់​ព្រមាន​ទៅលើ​អាកាស ក្នុងពេល​ប្រឈមមុខ​ដាក់គ្នា ជាមួយ​កងទ័ព​ចិន នៅតាម​បណ្តោយ​ព្រំដែន​មាន​ជម្លោះ​កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ ចំពេល​ភាព​តានតឹង​រវាង​ប្រទេស​ទាំងពីរ បាន​កើនឡើង​សាជាថ្មី​ម្តងទៀត​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ អ្នកនាំពាក្យ​កងទ័ព​ចិន​ប្រចាំ​ភូមិភាគ​ខាងលិច លោក ចាង ស៊ុយ​លី (Zhang Shuili) បាន​គូស​បញ្ចាក់​នៅក្នុង​សេចក្តីថ្លែងការណ៍ ដែល​បាន​បង្ហោះ​នៅលើ​គេហទំព័រ​ព័ត៌មាន​ផ្លូវការ របស់​កងទ័ព​ចិន​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា កងកម្លាំង​ការពារ​ព្រំដែន​ចិន បាន​ចាត់វិធានការ​តបត​ភ្លាមៗ ដើម្បី​រក្សា​ស្ថានការណ៍ ឲ្យ​មាន​ស្ថេរភាព​ដូចដើម​វិញ​។ ទោះជា​យ៉ាងណា ចិន​មិនបាន​បញ្ជាក់​ច្បាស់​ថា តើ​វិធានការ​អ្វី​ឲ្យ​ប្រាកដ​នោះទេ​៕


​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close