បើក​ម៉ូតូ​លឿន​ពេក ជ្រុល​ទៅបុក​កន្ទុយ​រថយន្ត ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់

​ភ្នំពេញ​៖ យ៉ាងហោចណាស់​យុវជន​ច​ចំនួន ២​នាក់ ម្នាក់​ស្លាប់ ម្នាក់​របួសធ្ងន់ ករណី​ជិះ​ម៉ូតូឌុប​គ្នា ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​កន្ទុយ​រថយន្ត​បម្រុង​នឹង​បត់​ពេញទំហឹង កាលពី​វេលា​ម៉ោងជាង​១​យប់ រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ពុធ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២០​នេះ នៅក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា គេ​បានឃើញ​រថយន្ត​១​គ្រឿង ប្រភេទ​សណ្តោង ពាក់​ផ្លាកលេខ ខេ​មរ​ភូ​មិន​០២ ៣.២៦៣១ ធ្វើដំណើ​ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង បម្រុង​បត់​ឆ្វេង​ឡើងទៅ​ផ្លូវ​មុនី​វង្ស ខណៈនោះ​ស្រាប់​តែមាន​យុវជន​ចំនួន ២​នាក់ ជិះ​ម៉ូតូ​១​គ្រឿង ម៉ាកវីវ៉ា ពាក់​ផ្លាកលេខ​ភ្នំពេញ​1-BS 7528 ធ្វើដំណើ​ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង ជិះ​ឌុប​គ្នា ក្នុង​ល្បឿន​លឿន បាន​ជ្រុល​ទៅបុក​កន្ទុយ​រថយន្ត​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់​តែម្តង​។ ភ្លាមៗ​អ្នកបើករថយន្ត បាន​រត់​គេចខ្លួនបាត់​ស្រមោល​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន ចុះ​វាស់វែង និង​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ស្នងការ​ក្រុង​។ ចំណែក​សព​ប្រគល់​ជូនទៅ​ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close