WHO កំពុងធ្វើការជាមួយចិន ដើម្បីអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ១៩

ស្វីស៖ អង្គការសុខភាពពិភពលោក WHO បានបញ្ជាក់ថា ខ្លួនកំពុងធ្វើការជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់ចិន លើលក្ខខណ្ឌក្នុងការអនុញ្ញាតជាអន្តរជាតិដើម្បីឱ្យប្រើប្រាស់វ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍ និងផលិតដោយចិន នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០។

បច្ចុប្បន្នវ៉ាក់សាំងរបស់ចិនឈ្មោះ CoronaVac របស់ក្រុមហ៊ុន Sinovac ត្រូវបានធ្វើតេស្តទៅលើមនុស្សចំនួនវ័យចំណាស់ ដែលមានអាយុយ៉ាងតិច៦០ឆ្នាំ ចំនួន៤១២នាក់ ដោយពុំមានចេញផលប៉ះពាល់ឡើយក្នុងដំណាក់កាលទី១ និងទី២ ។ ក្នុងការធ្វើតេស្តនេះ អ្នកដែលត្រូវបានជ្រើសរើស ត្រូវទទួលវ៉ាក់សាំង២ដូសក្នុងកម្រិតទាប មធ្យម និងខ្ពស់។ បច្ចុប្បន្ន វ៉ាក់សាំងនេះ ស្ថិតក្នុងការសាកល្បងនៅប្រទេសជាច្រើនរួមមានប្រស៊ីល និងឥណ្ឌូណេស៊ី។
អ្នកនាំពាក្យក្រុមហ៊ុន Sinovac លោក Liu Peicheng បានបញ្ជាក់ថា វ៉ាក់សាំងដែលធ្វើតេស្តអាចរក្សាទុកបានរយៈពេល៣ឆ្នាំដែលធ្វើឲ្យវ៉ាក់សាំងនេះមានប្រៀបជាងវ៉ាក់សាំងដទៃទៀត ជាពិសេសសម្រាប់តំបន់ដែលមិនអាចស្តុកវ៉ាក់សាំងក្នុងសីតុណ្ហភាពត្រជាក់បាន៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។