សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ដឹកនាំ​កិច្ចប្រជុំ​គម្រោង​សាងសង់​ផ្លូវ​ចំនួន ៣៨​ខ្សែ ក្នុង​ក្រុង​សៀមរាប

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង មាន​បើក​កិច្ចប្រជុំ ស្តីពី​គម្រោង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ក្នុង​ទីក្រុង​សៀមរាប ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និង​ដឹកជញ្ជូន ព្រមទាំង​មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​ក្រសួង​ទាំងបី ផងដែរ​។​

​សូម​ជម្រាបជូន​ថា រាជរដ្ឋាភិបាល​បានសម្រេច​បញ្ចេញ​កញ្ចប់​ថវិកា ប្រមាណ​ពី ១០០ ទៅ ១៥០​លាន​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​សាងសង់​ផ្លូវ​ចំនួន ៣៨​ខ្សែ ក្នុង​ក្រុង​សៀមរាប ក្នុង​គោលបំណង​ប្រែក្លាយ​ក្រុង​មួយ​នេះ​ឱ្យ​ក្លាយជា​ទីក្រុង ដែល​ពោរពេញ​ដោយ​សោភ័ណភាព បរិស្ថាន​ល្អ ជំរុញ​ការបង្កើត​ការងារ និង​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ ព្រមទាំង​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរណ៍ និង​កំណើន​សេដ្ឋកិច្ចជាតិ​ក្រោយ​វិបត្តិ​ជម្ងឺ​កូ​វីដ​-១៩​។​

​គម្រោង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ក្នុង​ទី​រួម​ខេត្តសៀមរាប​នេះ មាន​ចំនួន​៣៨​ខ្សែ មាន​ប្រវែង សរុប​៩៨,៣៤​គីឡូម៉ែត្រ ហើយ​គម្រោង​នេះ គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២១​។ គម្រោង​នេះ គ្រោង​នឹងសិក្សា​សាងសង់​ផងដែរ នូវ​ប្រព័ន្ធ​លូ ចិញ្ចើមផ្លូវ ផ្លូវ​ថ្មើរជើង ផ្លូវ​ជិះ​កង់ ចំណតរថយន្ត ប្រព័ន្ធ​បំភ្លឺ​ផ្លូវ​សាធារណៈ ផ្លាកសញ្ញា​និង​គំនូស​ចរាចរណ៍ ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព អាង​ចម្រោះ​ទឹក​កខ្វក់ និង​ការធ្វើ​សួន​និង​ដាំ​ដើមឈើ ។​

​ការស្តារ​ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ ជាការ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ មិន​ធ្លាប់មាន​ពីមុនមក​ក្នុងការ​ស្ថាបនា​ផ្លូវ​ទូទាំង​ក្រុង​សៀមរាប បែបនេះ ហើយ​នេះ​គឺជា​ការបង្ហាញ នូវ​ការយកចិត្តទុកដាក់ ពី​ប្រមុខ​រាជរដ្ឋាភិបាល ក្នុងការ​ប្រែក្លាយ​ទីក្រុង​វប្បធម៌​ប្រវត្តិសាស្ត្រ ដ៏​សម្បូរបែប​មួយ​នេះ ឲ្យ​កាន់​តែមាន​ភាព​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរណ៍ និង​ការវិនិយោគ​បន្ថែមទៀត ស្របទៅនឹង​គោលនយោបាយ​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​។​

​សូមជម្រាបថា អង្គប្រជុំ​បានសម្រេច​ឯកភាពគ្នា​ថា ប្លង់​នៃ​ការសិក្សា​លម្អិត និង​ផែនការ​នៃ​ការអនុវត្ត​គម្រោង​នេះ នឹងត្រូវ​បង្ហាញជូន ក្នុង​កិច្ចប្រជុំ គណៈកម្មការ​អន្ដរក្រសួង​ដើម្បី​សិក្សា និង​អនុវត្ត​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន ៣៨​ខ្សែ ដែល​គ្រោង​នឹងធ្វើ​ឡើង នៅ​ក្រុង​សៀមរាប នា​ថ្ងៃទី​២៣ ខែកញ្ញា ខាងមុខនេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close