កម្ពុជា នឹងប្រែក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០

ភ្នំពេញ៖ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូមកពីក្រសួងនិងស្ថាប័នពាក់ព័ន្ធ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាស្ដីពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរី ក្នុងការអភិវឌ្ឍគម្រោងមជ្ឈមណ្ឌលភស្ដុភារកម្មភ្នំពេញ និងចរចាកិច្ចព្រមព្រៀងជាមួយរដ្ឋមន្ត្រីអមខុទ្ធកាល័យនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទី២ទទួលបន្ទុកការអភិវឌ្ឍនិងហិរញ្ញវត្ថុសិង្ហបុរី ហេដ្ឋរចនាសម្ព័ន្ធអាស៊ី និងក្រុមហ៊ុន YCH។

កិច្ចប្រជុំនេះធ្វើឡើងតាមរយៈសន្និសីទវីដេអូពីចម្ងាយ និងមានគោលបំណងដើម្បីបង្ហាញទិដ្ឋភាពទូទៅអំពីគម្រោង SuperPort+ ដែលឆ្លើយតបនឹងតម្រូវការរបស់មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនិងពង្រឹងសមត្ថភាពដឹកជញ្ជូននិងខ្សែសង្វាក់ផ្គត់ផ្គង់របស់កម្ពុជា កំណត់លទ្ធផលនិងគោលដៅសំខាន់ៗដែលត្រូវសម្រេចឱ្យបានតាមរយៈការអនុវត្តគម្រោង Phnom Penh SuperPort+ កំណត់ជំហ៊ានបន្តបន្ទាប់ក្នុងការអភិវឌ្ឍកិច្ចព្រមព្រៀងក្របខណ្ឌរវាងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមហ៊ុនYCH និងហេដ្ឋារចនាសម្ព័ន្ធអាស៊ី នឹងកំណត់ជនបង្គោលដើម្បីគាំទ្រគម្រោង, ស្វែងរកដៃគូរអភិវឌ្ឍក្នុងស្រុក កំណត់គោលនយោបាយ និងការប្ដេជ្ញារបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រគម្រោងនេះ។
ថ្លែងក្នុងអង្គប្រជុំនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបង្ហាញថា មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ខ្លួនក្នុងការអភិវឌ្ឍកម្ពុជាទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជាមួយគ្នានោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានលើកឡើងថា មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញត្រូវបានកំណត់ជាផែនការយុទ្ធសាស្ត្រទាំងក្នុងផែនការមេភស្តុភារកម្ម និងផែនការមេអន្តរកាលស្ដីពីការ តភ្ជាប់ប្រពន្ធ័ដឹកជញ្ជូនពហុមធ្យោបាយនិងភស្ដុភារកម្ម ដែលផែនការយុទុ្ធសាស្ត្រនេះបង្ហាញពីការតភ្ជាប់រវាងផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស សំដៅធានាបាននូវខ្សែសង្វាក់ដឹកជញ្ជូនប្រកបដោយភាពរលូន និងមានប្រសិទ្ធភាព។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបង្ហាញនូវការគាំទ្រចំពោះរដ្ឋាភិបាលសិង្ហបុរី នាយកប្រតិបត្តិហេដ្ឋារចនាសម្ព័ន្ធអាស៊ី និងស្វាគមន៍ក្រុមហ៊ុន YCH ដែលមានចំណាប់អារម្មណ៍លើគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនេះ ហើយរាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយសហការ សម្របសម្រួល និងដោះស្រាយបញ្ហារាំងស្ទះ ដោយបានរៀបចំជាក្រុមការងារបច្ចេកទេសសម្រាប់សម្របសម្រួលការអនុវត្តគម្រោងនេះ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។