ក្រសួង​ការងារ សម្រេចដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​កាត់ដេរ ១៩២​ដុល្លារ សម្រាប់​ឆ្នាំ​២០២១

​ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានចេញ​សេចក្តីប្រកាស​ផ្លូវការ​មួយ ដោយ​ដំឡើង​ប្រាក់​ឈ្នួល​ដល់ កម្មករនិយោជិត ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង​នៅ​កម្ពុជា ចំនួន​១៩២​ដុល្លារ សម្រាប់​ឆ្នាំ​២០២១ ខាងមុខនេះ​។

​សេចក្តីប្រកាស​នោះ បាន​បញ្ជាក់ថា ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ដែលជា​យន្តការ ត្រីភាគី និង​មាន​សមាជិក​ជា​តំណាង​ភាគី​កម្មករនិយោជិត​ចំនួន ១៧​រូប តំណាង​ភាគី​និយោជក​ចំនួន ១៨​រូប និង​តំណាង​ភាគី​រាជរដ្ឋាភិបាល​ចំនួន ១៧​រូប បាន​បើក​កិច្ចប្រជុំ​ដំបូង​នៅ​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២០ និង​បាន​បន្ត​កិច្ចប្រជុំ​រហូតដល់​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២០​។ ក្រោយ​ការពិភាក្សាគ្នា ភាគី​ទាំងបី បាន​ឯកភាពគ្នា​ជា​ឯកច្ឆន្ទ​គាំទ្រ​តួលេខ ១៩០ (​មួយរយ​កៅសិប​) ដុល្លារ​អាមេរិក ជា​តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា ក្នុង​មួយខែ សម្រាប់​កម្មករនិយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង សម្រាប់​ឆ្នាំ​២០២១​។ ដូច្នេះ ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​បានស្នើ​តួលេខ ចំនួន ១៩០ (​មួយរយ​កៅសិប​) ដុល្លារ​អាមេរិក ជូន​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បី​ធ្វើការ​ពិនិត្យ​សម្រេច​បើ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្ម​ករ​និយោជិត ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង ផលិត​ស្បែកជើង សម្រាប់​ឆ្នាំ​២០២១​។
​យោង​របាយការណ៍​រប​ស់ លោក​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានសម្រេច​បន្ថែម​ទឹកប្រាក់​ចំនួន ២(​ពីរ​) ដុល្លារ​អាមេរិក លើទឹក​ប្រាក់​ចំនួន ១៩០ (​មួយរយ​កៅសិប​) ដុល្លារ អាមេរិក​។ ដូច្នេះ​ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២១ កម្មករនិយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង ផលិត​ស្បែកជើង នឹងមាន​ប្រាក់​ឈ្នួលរ​ប្បរមា​ចំនួន ១៩២ (​មួយរយ​កៅសិប​ពីរ​) ដុល្លារ​អាមេរិក ក្នុង​មួយខែ ចំពោះ​កម្មករនិយោជិត​ពេញសិទ្ធិ និង​ចំនួន ១៨០ (​មួយរយ​ប៉ែតសិប​ប្រាំពីរ​) ដុល្លារ​អាមេរិក ក្នុង​មួយខែ ចំពោះ​កម្មករនិយោជិត​សាកល្បង​។​

​ដោយឡែក ប្រាក់​អត្ថប្រយោជន៍​ផ្សេងទៀត ដែល​កម្មករនិយោជិត​ធ្លាប់​ទទួលបាន​កន្លងមក ត្រូវបាន​រក្សាទុក​នៅ​ដដែល មានដូចជា ប្រាក់​សោហ៊ុយ​ធ្វើដំណើរ និង​ស្នាក់នៅ​ចំនួន ៧​ដុល្លារ​អាមេរិក​ក្នុង​មួយខែ​។ ប្រាក់រង្វាន់​ធ្វើការ​ទៀងទាត់​ចំនួន ១០​ដុល្លារ​អាមេរិក ក្នុង​មួយខែ​, ប្រាក់​ថ្លៃ​បាយ​សម្រាប់​ការធ្វើការងារ​បន្ថែម ម៉ោង​ដោយ​ស្ម័គ្រចិត្ត​ចំនួន ២០០០​រៀល ក្នុង​មួយថ្ងៃ ឬ​ការទទួលបាន​បាយ​មួយពេល​ដោយ​ឥតគិតថ្លៃ និង ប្រាក់រង្វាន់រ​កើត​ភាព​ការងារ​ចំនួន​ពី ២​ដុល្លារ​អាមេរិក ដល់ ១១​ដុល្លារ​អាមេរិក ក្នុង​មួយខែ សម្រាប់​កម្មករ និយោជិត​ដែល​បានធ្វើការ​ចាប់ពី​ឆ្នាំ​ទី​២ ដល់​ឆ្នាំ​ទី​១១​។ ដូច្នេះ​ជា​មធ្យម​កម្មករនិយោជិត​ម្នាក់ៗ​នឹង​ទទួល បាន​ប្រាក់បៀវត្ស​យ៉ាងតិច​ចំនួន​ពី ២០៩ (​ពីរ​រយ​ប្រាំបួន​) ដុល្លារ​អាមេរិក ដល់​២២០ (​ពីរ​រយ​ម្ភៃ​) ដុល្លារ​អាមេរិក ក្នុង​មួយខែ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close