លោក គួច ចំរើន អន្តរាគមន៍សង្គ្រោះភ្ញៀវទេសចរណ៍ ជាប់គាំងនៅតាមបណ្តាកោះ ដោយសារឥទ្ធិពលព្យុះ

ព្រះសីហនុ៖ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់ក្នុងកិច្ចអន្តរាគមន៍ ដឹកជញ្ជូនភ្ញៀវទេសចរណ៍ដែលជាប់គាំងនៅតាមបណ្តាកោះ នៃខេត្តព្រះសីហនុរយៈពេល០៣ថ្ងៃកន្លងមក ដោយសារឥទ្ធិពលព្យុះទី១១ ឈ្មោះ (នូល) មានភ្លៀង ខ្យល់កន្ត្រាក់ រលកសមុទ្រខ្ពស់ៗមិនអាចឱ្យទូកកាណូត ឬអូប៊័រ ធ្វើដំណើរនៅលើផ្ទៃសមុទ្របាន។
សូមជម្រាបថា ប្រតិបត្តិការនេះ បានចាប់ផ្តើមធ្វើឡើងនៅម៉ោង១០ព្រឹករហូតដល់ម៉ោង១៥ និង៣០នាទីរសៀលថ្ងៃដដែល ដោយប្រើប្រាស់កាណូតល្បឿនលឿនចំនួន១៨គ្រឿង ចេញដឹកជញ្ជូនចំនួន២៦ជើង។
ក្នុងនោះភ្ញៀវទេសចរណ៍មានចំនួនសរុប ១៣៩១នាក់ ស្រី៥៩៥នាក់ ក្មេងអាយុក្រោមអាយុ១៥ឆ្នាំមានចំនួន១០៩នាក់ ក្នុងនោះមានភ្ញៀវបរទេសចំនួន៣៧៣នាក់ ស្រី១៥៤នាក់ ដែលជាប់នៅលើកោះដោយសារព្យុះនេះ និងត្រូវបានដឹកជញ្ជូនតាមកាណូតល្បឿនលឿន មកកាន់ដីគោកវិញប្រកបដោយសុវត្ថិភាព ក្រោមការចូលរួមសហការពីកងកម្លាំងមានសមត្ថកិច្ច មន្ទីរអង្គភាពពាក់ព័ន្ធ វិស័យឯកជន និងសមាគមទូកទេសចរណ៍ខេត្តព្រះសីហនុផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។