ភ្ជុំបិណ្ឌ៣ថ្ងៃ ខេត្តសៀមរាប ទទួលបានភ្ញៀវជាង ១២ម៉ឺននាក់ ក្នុងនោះតំបន់អង្គរ ទទួលបានជាង៦ម៉ឺននាក់
សៀមរាប៖ បើតាមប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានឱ្យដឹងថា នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែកញ្ញា ខេត្តសៀមរាបទាំងមូល ទទួលបានភ្ញៀវទេសចរសរុប ១២២,៣៧០នាក់។

លោក ង៉ូវ សេងកាក់ បានបន្តថា ក្នុងចំណោមភ្ញៀវទេសចរសរុប ដែលចូលទស្សនាកម្សាន្តនៅទូទាំងខេត្តសៀមរាបនោះ មានភ្ញៀវទេសចរបរទេសចំនួន ១,៣៧០នាក់ ចំណែកឯភ្ញៀវទេសចរខ្មែរមានចំនួនប្រមាណ ១២១,០០០នាក់។
លោកថា ភ្ញៀវទេសចរដែលបានចូលទស្សនាតំបន់អង្គរមានប្រមាណ ៦២,០០០នាក់ និងប្រមាណ ៥៩,០០០នាក់ទៀត ចូលទស្សនាតំបន់រមណីយដ្ឋាន និងសហគមន៍នានាក្នុងខេត្តសៀមរាប ដូចជា ឧទ្យានជាតិភ្នំគូលែន សហគមន៍ព្រៃទឹកជប់ខ្នារពោធិ៍ សហគមន៍កំពង់ភ្លុក សហគមន៍ត្រាវកុដិ សហគមន៍បឹងឈូកបន្ទាយស្រី រមណីយដ្ឋានភូមិវប្បធម៌កម្ពុជា សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។