បទល្មើសព្រៃឈើ នៅខេត្តរតនគិរី នៅតែមានចរាចរណ៍

ខេត្តរតនគិរី៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃជាប់គ្នានេះ ក្រុមឈ្មួញ បានបន្តលួចកាប់ និងដឹកជញ្ជូនឈើ ចេញតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ រថយន្តសាំយ៉ុងក្នុងមួយយប់ៗមិនក្រោម១៥រថយន្តឡើយ ដឹកយកទៅលក់នៅប្រទេសវៀតណាម។

តាមសេចក្តីរាយការណ៍បានបន្តថា ក្រុមឈ្មួញឈើទាំងនោះ បានសម្រុកដឹកឈើចេញពីតំបន់ផ្សេងៗពីគ្នាតាមច្រករបៀង ជាពិសេសទ្វារអន្តរជាតិអូរយ៉ាដាវ មិនរំខានដំណេកសមត្តកិច្ចជំនាញអ្វីទាំងអស់ ជាពិសេសសមត្ថកិច្ចនៅខេត្តរតនគិរី រក្សាភាពស្ងៀមស្ងាត់នៅក្នុងឱកាសថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ ជាពេលដែលប្រជាពលរដ្ឋ និងអង្គការឃ្លាំមើលបទល្មើសព្រៃឈើមិនសូវតាមដាននិងចាប់អារម្មណ៍។
ប្រភពដដែលបានបន្តថា ក្រុមឈ្មួញរកស៊ីឈ្មួញឈ្មោះនី និងឈ្មួញឈ្មោះមករា បានឆ្លៀតពេលថ្ងៃបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ សង្កេតឃើញក្រុមឈ្មួញសម្រុកតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ និងច្រករបៀងក្នុងស្រុកអូរយ៉ាដាវ ស្រុកអណ្តូងមាស ចេញទៅប្រទេសវៀតណាម យ៉ាងគគ្រឹកគគ្រេង។
ប្រភពពីមន្ត្រីអង្គការសង្គមស៊ីវិល ដែលឃ្លាំមើលបទល្មើសព្រៃ បានអោយដឹងថា បទល្មើសព្រៃឈើខេត្តរតនគិរី រយៈពេលបុណ្យភ្ជុំបិណ្ឌនេះ គេសង្កេតឃើញក្រុមអ្នករត់ការ និងមើលផ្លូវយ៉ាងប្រសេចប្រសាច នៅតាមយប់និងតាមច្រកសំខាន់ៗ ដែលត្រូវឆ្លងកាត់ជញ្ជូនឈើចេញទៅប្រទេសវៀតណាម ហាក់បីដូចជាគ្នានខ្លាចញញើតអ្វីទាល់តែសោះ។ ជាងនេះទៅទៀត គឺក្រុមឈ្មួញរកស៊ីដឹកឈើទាំងអស់នោះ មានការសង្ស័យឃុបឃិតជាប្រពន្ធ័ទើបអារកាប់ និងដឹកជញ្ជូនឈើបានម៉ាសេរីយ៉ាងនេះ។
ប្រភពដដែលសារព័ត៌មានយើងទទួលបាននៅខេត្តរតនះគិរី បានបង្ហើបថា ក្រុមឈ្មួញឈើ និងរៀបចំណែនថ្វាយគ្រប់សមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធដើម្បី បិទបាំងការជញ្ជូនឈើប្រណិតចេញទៅប្រទេសវៀតណាម។ បើដូចប្រភពខាងលើនេះមែននោះ សំណូមដល់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មេត្តាបញ្ជូនក្រុមអធិការកិច្ចចុះមកស្រាវជ្រាវ និងពិនិត្យការដឹកជញ្ជូនឈើតាមច្រកសំខាន់ៗផង ដើម្បីទប់ស្កាត់ទាន់ពេលវេលា។
ពាក់ពន្ធ័និងការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនេះ ខ្មែរ៧មករាយើង បានទាក់ទងសុំការបកស្រាយ និងការពន្យល់ពីលោក ខឹម ចិត្រា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ តាមទូរស័ព្ទពាក់ព័ន្ធ និងដឹកជញ្ជូនឈើប្រណិតតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បានទេ ដោយទូរស័ព្ទតេចូលគ្មានអ្នកទទួល៕ ដោយ៖ ខ្មែរ៧មករា

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។