TikTok អាចបន្តប្រតិបត្តិការបាន បន្ទាប់ពីមានកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអាមេរិក

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថ្លែងថា លោកគាំទ្រកិច្ចព្រមព្រៀងជាគោលការណ៍ ដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុន TikTok បន្តប្រតិ បត្តិការនៅសហរដ្ឋអាមេរិក នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ។

លោក ដូណាល់ ត្រាំ បញ្ជាក់ថា ក្រុមហ៊ុន TikTok នឹងមានឈ្មោះថា «TikTok Global» ដែលមានការិយាល័យកណ្ដាលនៅសហរដ្ឋអាមេរិក ក្នុងនោះ ក្រុមហ៊ុន Oracle Corp កាន់កាប់ចំណែកភាគហ៊ុនចំនួន១២.៥ភាគរយ និងជាអ្នកកាន់កាប់ទិន្នន័យរបស់អ្នកប្រើប្រាស់១០០លាននាក់នៅសហរដ្ឋអាមេរិក ។ ដោយឡែកក្រុមហ៊ុន Walmart Inc វិញ កាន់កាប់ចំណែកភាគហ៊ុនចំនួន៧.៥ភាគរយ នៅសល់ប៉ុន្មានជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ByteDance ។
យ៉ាងណាមិញ គេនៅមិនទាន់ដឹងថាតើក្រុមហ៊ុន Oracle Corp និង Walmart Inc បានចំណាយលុយប៉ុន្មានក្នុងការទិញយកអាជីវកម្ម TikTok នៅសហរដ្ឋអាមេរិក នោះទេ ប៉ុន្តែបើតាមកាសែត Bloomberg News ក្រុមហ៊ិន TikTok បានទទួលលុយប្រមាណ៦០ពាន់លានដុល្លារពីការទិញលក់នេះ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។