គម្រោង​ថ្មី ៣​ទៀត នឹង​បើក​ដំណើរការ ក្នុង​ទំហំ​ទុន​ជិត ១០​លាន​ដុល្លារ​

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​អនុម័ត​ឲ្យ​គម្រោង​ថ្មី​ចំនួន​៣​បន្ថែមទៀត បើក​ដំណើរការ ក្នុង​ទំហំ​ទុន​សរុប​ជិត ១០​លាន​ដុល្លារ​អាមេរិក និង​បានផ្តល់​ការងារ​ជាច្រើន​ជាង ២​ពាន់​កន្លែង​ដល់​ពលរដ្ឋ​។​

​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន ដូចខាងក្រោម​៖

១.JIN XINSHENG (CAMBODIA) CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្រដាស​ទ្រនាប់​ពុម្ព ទ្រនាប់​កអាវ ស្កុ​ត និង​ខារ​អំបោះ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​សួន​ឧស្សាហកម្ម វៀល​ស៊ុន អគារ A ផ្លូវជាតិ​លេខ​៤ ភូមិ​ផ្សារ​កំបូល សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ​៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៩៨​នាក់​។​

២. G.C.H INTERNATIONAL TRADE CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចាស់ ឃុំ​ពេជ្រ​មុនី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ​៣,២​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.០២៨​នាក់​។​

៣. LOGWOOD APPAREL CO., LTD. គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ សម្លៀកបំពាក់​ពេទ្យ និង​ម៉ាស់​គ្រប់​ប្រភេទ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អន្លង់​រមៀត​ខាងលិច ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ទុនវិនិយោគ​ប្រមាណ ២,៧​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៨១៤​កន្លែង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close